(ជូបា)៖ មនុស្សជាង ៣៥ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើង ក្នុងប្រទេសកាលពីជាងមួយខែមុន នេះបើយោងតាមអង្គការសហប្រជាជាតិ។

ភាគច្រើននៃអ្នកដែលបានភៀសខ្លួនចេញពីការប្រយុទ្ធគ្នា បានធ្វើដំណើរឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសជិតខាងគឺប្រទេសស៊ូដង់ខាងត្បូង អេហ្ស៊ីប ឆាដ និងអេត្យូពី ជាកន្លែងដែលពួកគេត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង។

ប្រទេសនានាបានបរិច្ចាគ និងផ្តល់ជំនួយមួយចំនួនដល់ជនភៀសខ្លួន រួមទាំងមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីគឺ ចិន និងជប៉ុន។

ចិន​បាន​ឆ្លើយតប​នឹង​វិបត្តិ​នេះ​ ដោយ​ផ្តល់​អង្ករ​ចំនួន២៤០០ តោន​ដើម្បី​ចិញ្ចឹម​អ្នក​ដែល​ឆ្លង​ចូល​ប្រទេស​ស៊ូដង់​ខាង​ត្បូង។ ក្រុងប៉េកាំងបាននិយាយថា ខ្លួនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស៊ូដង់ខាងត្បូង ក្នុងការសម្រុះសម្រួលបញ្ចប់ជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅស៊ូដង់ខាងត្បូង លោក Ma Qiang បាននិយាយថា «ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ស៊ូដង់ខាងត្បូង។ គេសង្ឃឹមថាវិបត្តិស៊ូដង់អាចត្រូវបានដោះស្រាយ ដោយសន្តិវិធីដើម្បីអាចឱ្យការផ្លាស់ប្តូរនយោបាយដោយរលូននៅក្នុងប្រទេសស៊ូដង់»។

ដោយឡែកជប៉ុនបានផ្តល់ជំនួយចំនួន ៣.៥លានដុល្លារដល់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ដើម្បីជួយជនភៀសខ្លួនស៊ូដង់ ដែលភៀសខ្លួនទៅកាន់ប្រទេសអាហ្វ្រិកខាងកើតផ្សេងទៀត។

អង្គការសហប្រជាជាតិបានអំពាវនាវសុំជំនួយមនុស្សធម៌ សម្រាប់ជនភៀសខ្លួនស៊ូដង់ចំនួន ៤៧០លានដុល្លារ ហើយបានព្រមានមនុស្សជាងមួយលាននាក់ អាចភៀសខ្លួនចេញពីការបង្ហូរឈាមនៅប៉ុន្មានខែខាងមុខនេះ៕