(កូប៉ិនហាក)៖ រដ្ឋាភិបាលដាណឺម៉ាក នៅថ្ងៃអង្គារនេះបានស្នើឲ្យមានការវិនិយោគលើវិស័យការពារជាតិ ក្នុងទំហំទឹកប្រាក់ជាង ២១ពាន់លានដុល្លារសម្រាប់រយៈពេល ១០ឆ្នាំទៅមុខទៀត ដើម្បីឲ្យសមស្របតាមការសន្យារបស់ខ្លួន និងតាមគោលដៅចំណាយរបស់អង្គការណាតូ (NATO)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

សមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ ដូចជាដាណឺម៉ាកបានកាត់បន្ថយសមត្ថភាពយោធារបស់ខ្លួន បន្ទាប់ពីការបិទបញ្ចប់នៃសម័យសង្គ្រាមត្រជាក់។ ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងវិបត្តិអ៊ុយក្រែន ទីក្រុងកូប៉ិនហាក បានសន្យាកាលពីឆ្នាំ ២០២២ថា នឹងបង្កើនការចំណាយជាអចិន្ត្រៃយ៍លើវិស័យការពារជាតិ និងសន្តិសុខរហូតដល់ ២% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន នៅចុងឆ្នាំ ២០៣០ ដែលជាគោលដៅសំខាន់សម្រាប់ប្រទេសសមាជិកណាតូ។

រដ្ឋមន្រ្តីការពារជាតិស្តីទីរបស់ដាណឺម៉ាក លោក ត្រូអែល លុនផូលសិន (Troels Lund Poulsen) បានប្រាប់សន្និសីទសារព័ត៌មានមួយថា «យើងត្រូវតែអាចធ្វើតាមការទាមទារ និងការរំពឹងទុកដែលអង្គការណាតូ ក៏ដូចជាសម្ព័ន្ធមិត្តមានសម្រាប់ដាណឺម៉ាក គឺនៅក្នុងកម្រិតធំជាងបច្ចុប្បន្ននេះ។ ដូចនេះតម្រូវឲ្យមានការវិនិយោគដ៏ធំ ក្នុងកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្កើនចំណែកនៃការទទួលខុសត្រូវរបស់យើង»

គួរបញ្ជាក់ថា ការចំណាយលើវិស័យការពារជាតិដាណឺម៉ាក នឹងត្រូវពង្រីកពីចំនួន ១ពាន់លានដុល្លារនៅឆ្នាំ២០២៤ រហូតដល់ចំនួន ២.៨៤ពាន់លានដុល្លារក្នុងឆ្នាំ ២០៣៣។ រដ្ឋាភិបាលនិយាយថា សំណើរបស់ខ្លួននឹងកំណត់ទំហំនៃការចំណាយលើ វិស័យការពារជាតិទាំងមូល ក្នុងពេលដែលការសម្រេចចិត្តលើលទ្ធកម្មយោធា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់៕