(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា ប្រមុខការពារជាតិកូរ៉េខាងត្បូងនិងអូស្រ្តាលី បានព្រមព្រៀងគ្នានាថ្ងៃអង្គារនេះ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក លេ ចុងស៊ូប (Lee Jong Sup) បានជួបជាមួយសមភាគីអូស្រ្តាលីរបស់លោក គឺលោក រីឆាដ ម៉ាល (Richard Marles) នៅក្រៅកិច្ចប្រជុំកំពូលលើកដំបូង រវាងប្រទេសកូរ៉េខាងត្បូង និងក្រុមប្រទេសដែនកោះប៉ាស៉ីហ្វិក ដែលកំពុង​រៀបចំឡើងនៅទីក្រុងសេអ៊ូល។ នាឱកាសនោះ លោក លី បានបង្ហាញនូវឆន្ទៈរបស់យោធាកូរ៉េខាងត្បូង ក្នុងការចូលរួមសមយុទ្ធយោធា​ពហុប្រទេស ដែលដឹកនាំដោយអូស្រ្តាលី ហៅថា Indo-Pacific Endeavor ហើយនិងសមយុទ្ធប្រឆាំងគ្រាប់មីនក្រោមទឹក Operation Render Safe នៅឯតំបន់ប៉ាស៉ីហ្វិក។

គួរបញ្ជាក់ថា ប្រទេសទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំកម្រិតការងារ នៅក្រោមក្របខណ្ឌនៃចំណាត់ការ ដើម្បីឆ្ពោះស្តារ​អនុស្សរណៈយោគយល់គ្នាមួយ ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១១ ក្រោមគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការវិស័យ​ឧស្សាហកម្មការពារជាតិកូរ៉េខាងត្បូង-អូស្រ្តាលី៕