(ហាណូយ)៖ អាជ្ញាធរក្នុងរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ចាប់ផ្តើមបិទភ្លើងតាមដងផ្លូវដើម្បីសន្សំសំចៃថាមពលជាតិ ចំពេលមានសីតុណ្ហភាពខ្ពស់បំផុត ដែលនាំមកនូវការកើនឡើងនៃតម្រូវការនៅក្នុងផ្នែកខ្លះ នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

ខណៈដែលមន្ត្រីឧតុនិយមព្រមានថា រលកកម្តៅអាចបន្តរហូតដល់ខែមិថុនា អាជ្ញាធរបានកាត់បន្ថយការប្រើប្រាស់ អគ្គិសនីតាមទីសាធារណៈនៅទីក្រុងជាច្រើន បន្ទាប់ក្រុមហ៊ុនអគ្គិសនីរដ្ឋ (EVN) អះអាងថា ការកើនឡើងតម្រូវការប្រើម៉ាស៊ីនត្រជាក់ អាចដាក់បន្ទុក ដល់បណ្តាញអគ្គិសនីជាតិបន្ថែមទៀត។ ដើម្បីដោះស្រាយបញ្ហានេះ ទីក្រុងហាណូយនឹងបើកភ្លើងបំភ្លឺនៅទីសាធារណៈ យឺតជាងធម្មតាកន្លះម៉ោង ហើយបិទភ្លើងលឿនជាងមុនកន្លះម៉ោង ខណៈការបើកភ្លើងបំភ្លឺនេះ ធ្វើឡើងតែនៅតាមដងផ្លូវធំៗ និងនៅតាមសួនច្បារសាធារណៈប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមមន្ត្រីឧតុនិយម សីតុណ្ហភាពនៅសប្តាហ៍នេះត្រូវបានគេរំពឹងថា នឹងមានចន្លោះពី ២៦ទៅ ៣៨អង្សាសេ។ កាលពីសប្តាហ៍មុន វៀតណាម បានអំពាវនាវដល់ពលរដ្ឋឲ្យបិទឧបករណ៍អគ្គិសនីនៅពេលមិនប្រើប្រាស់ ហើយសម្រាប់ម៉ាស៊ីនត្រជាក់ ត្រូវរក្សាមិនឲ្យនៅក្រោម ២៦អង្សាសេឡើយ៕