(កៀវ)៖ មន្ត្រីជំនិតម្នាក់របស់លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយថារូបមន្តសន្តិភាពរបស់ទីក្រុងកៀវ គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ខណៈពេលវេលាសម្រាប់កិច្ចប្រឹងប្រែងសម្របសម្រួលបានកន្លងផុតទៅហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

ប្រធានទីប្រឹក្សាការទូតរបស់លោក ហ្សេលេនស្គី គឺលោក អ៉ីហ័រ ហ្សូវខ្វា (Ihor Zhovkva) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ទៀតថាអ៊ុយក្រែនមិនមាន ចំណាប់អារម្មណ៍ចំពោះបទឈប់បាញ់ដែលទុកឱ្យរុស្ស៉ីនៅតែបន្តគ្រប់គ្រងទឹកដីអ៊ុយក្រែននោះទេ និងចង់អនុវត្តផែនការសន្តិភាពរបស់ខ្លួន ដែលក្នុងនោះមានទាំង ការតម្រូវឱ្យរុស្ស៉ីដកទ័ពទាំងស្រុងចេញពីអ៊ុយក្រែន។ លើសពីនេះទៅទៀត លោកក៏បានចា្រនចោលផងដែរនូវគំនិតផ្ដួចផ្ដើមសន្តិភាពរបស់ចិន ប្រេស៊ីល បុរីវ៉ាទីកង់ និងអាហ្វ្រិកខាងត្បូង។ «វាមិនមានឡើយផែនការសន្តិភាពប្រេស៊ីល ផែនការសន្តិភាពចិន ផែនការសន្តិភាពអាហ្វ្រិកខាងត្បូង នៅពេលដែលអ្នកកំពុងនិយាយពី សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន»។ នេះជាការគូសបញ្ជាក់របស់លោក អ៉ីហ័រ ហ្សូវខ្វា។

គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន ខណៈអ៊ុយក្រែនទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្ដាប្រទេសលោកខាងលិច បណ្ដាប្រទេសលោកខាងត្បូង ដូចជាក្នុង តំបន់អាមេរិកឡាទីន អាហ្វ្រិក និងភាគច្រើននៅអាស៊ី នៅតែបន្តប្រកាន់ជំហរអព្យាក្រឹត និងមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងមូស្គូនោះទេ៕