(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បានប្រកាសនៅថ្ងៃចន្ទនេះថា កូនប្រុសលោកនឹងលាលែងពី​តួនាទីជាលេខារបស់លោក ដោយសារ​បានប្រព្រឹត្តសកម្មភាពមិនសមរម្យ បន្ទាប់ពីរូបភាពដែលកូនប្រុសរបស់លោកនិងសាច់ញាតិដទៃទៀត ដែលត្រូវបានថតហាក់ក្នុងចេតនាលេងសើចប៉ុណ្ណោះនោះ បានបង្កឱ្យមានការរិះគន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។

លោក ហ្វូមីអុ គីស៉ីដា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កូនប្រុសរបស់ខ្លួនគឺលោក សូតារ៉ូ គីស៉ីដា នឹងលាលែងពីតួនាទីជាលេខារបស់​លោក ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទៅ ខណៈការលាលែងនេះ គឺដោយសារតែរូបគេបានប្រកាន់អាកប្បកិរិយាមិនសមរម្យ នៅក្នុងការិយាល័យនាយករដ្ឋមន្រ្តី នាពេលកន្លងមក។

កាលពីសប្តាហ៍មុន ទស្សនាវដ្តីមួយបានចុះផ្សាយរូបភាពមួយចំនួន ដែលបានបង្ហាញពីសកម្មភាពកូនប្រុសលោក គីស៉ីដា រួមជាមួយ​សាច់ញាតិ ហាក់នាំគ្នាធ្វើពត់ជារៀបចំសន្និសីទសារព័ត៌មានមួយ នៅការិយាល័យនាយករដ្ឋមន្រ្តីជប៉ុន ក្នុងនោះរួមមានទាំងនៅ​វេទិកា ដែលជាទូទៅ គឺជាកន្លែងដែលនាយករដ្ឋមន្រ្តីត្រូវឈរនិយាយថែមទៀតផង។

គួរបញ្ជាក់ថា សកម្មភាពខាងលើរបស់ពួកគេ បានទទួលរងការរិះគន់ជាខ្លាំងពីក្រុមប្រឆាំង ហើយការចុះផ្សាយរូបភាពទាំងនោះ គឺកើតឡើង​ចំពេលមិនល្អឡើយសម្រាប់លោក គីស៉ីដា ដ្បិតលោកនាយករដ្ឋមន្រ្តីជប៉ុនទើបតែបានការកើនឡើងប្រជាប្រិយភាព ក្រោយការរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំក្រុម​ប្រទេស G7 នៅឯទីក្រុងហ៉ីរ៉ូស៉ីម៉ា កាលពីថ្មីៗនេះ៕