(អូតាវ៉ា)៖ ទីក្រុងហាលីហ្វាក់ (Halifax) ដែលស្ថិតនៅឯភាគខាងកើតប្រទេសកាណាដា ត្រូវបានប្រកាសភាពអាសន្នក្នុងតំបន់ កាលពីល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍ (ម៉ោងក្នុងតំបន់) បន្ទាប់ពីភ្លើងឆេះព្រៃបានបណ្តាលឲ្យមានការជម្លៀសខ្លួន និងការដាច់ចរន្តអគ្គិសនី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។

អាជ្ញាធរក្នុងតំបន់នៃខេត្តណូវ៉ា ស្កូស្យា (Nova Scotia) បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមសង្គ្រោះបន្ទាន់កំពុងធ្វើការពេញម៉ោង ដើម្បីរក្សាសុវត្ថិភាពមនុស្ស និងកាត់បន្ថយការគំរាមកំហែងដែលបង្កឡើងដោយភ្លើងឆេះព្រៃ។ ភ្លើង ឆាបឆេះបានបញ្ចេញផ្សែងយ៉ាងសន្ធោសន្ធៅពាសពេញទីក្រុងកំពង់ផែមួយនេះ។

សាលាក្រុង បានប្រកាថាភាពអាសន្ននឹងចូលជាធរមាន សម្រាប់រយៈពេល ៧ថ្ងៃ ប្រសិនបើមិនមានការលើក ឬពន្យារពេល។ ជាមួយគ្នានេះ ក្រុមហ៊ុន Nova Scotia Power បានផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ក្នុងតំបន់ដែលរងផលប៉ះពាល់។ បើតាមក្រុមហ៊ុនទូរគមនាគមន៍របស់កាណាដា អតិថិជនរបស់ខ្លួនមួយចំនួននៅក្នុងសហគមន៍ដែលត្រូវបានជម្លៀស ដោយសារតែភ្លើងឆេះព្រៃអាចជួបប្រទះការរំខានផ្នែសេវាកម្មអគ្គិសនី។

គួរបញ្ជាក់ថា ក្នុងខែឧសភានេះ ភាគខាងលិចនៃខេត្តអាល់បឺតា (Alberta) ក៏ទើបនឹងបានប្រកាសភាពអាសន្ន បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេ ខណៈដែលភ្លើងឆេះព្រៃកើតមានមិនធ្លាប់មានពីមុនមក៕