(ញូវដេលី)៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ច របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រទេសឥណ្ឌានាពេលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។

ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរ កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។

បើតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ក្នុងកំលុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិ​បត្តិការ​ទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។ ខាងក្រោមគឺជាចំណុចសំខាន់ៗ គួរឈ្វេងយល់ពីប្រទេសឥណ្ឌា៖

១. ប្រវត្តិរូបសង្ខេប

* ឈ្មោះផ្លូវការ៖ សាធារណរដ្ឋឥណ្ឌា។
* រដ្ឋធានី៖ ញ៉ូវដេលី។
* ចំនួនប្រជាជន៖ ១.៣៧ពាន់លាននាក់ (បើតាម UN ឥណ្ឌាបច្ចុប្បន្នបានវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក)។
* ផ្ទៃក្រឡា៖ ៣,២៨៧,២៦៣គីឡូម៉ែត្រក្រឡា។
* ភាសាសំខាន់ៗ៖ ហិណ្ឌី អង់គ្លេស និងភាសាផ្លូវការចំនួន២០ផ្សេងទៀត។
* សាសនារដ្ឋ៖ ហិណ្ឌូ ឥស្លាម គ្រីស្ទាន ព្រះពុទ្ធ និង ស៊ីក និងសាសនាផ្សេងៗជាច្រើនទៀត។
* អត្រាសង្ឃឹមរស់ ៦៨ឆ្នាំ(សម្រាប់បុរស) និង៧១ឆ្នាំ(សម្រាប់ស្ត្រី)។
* ប្រភេទក្រដាស់ប្រាក់៖ រ៉ូពី។
* ពេលវេលា៖ ខុសគ្នាមួយម៉ោងកន្លះ ជាមួយប្រទេសកម្ពុជា។
* ប្រធានាធិបតី៖ លោកស្រី ដ្រៅផាឌី មួរមូ
* នាយករដ្ឋមន្ត្រី៖ លោក ណារិនដ្រា ម៉ូឌី

២. កាលបរិច្ឆេទសំខាន់ៗក្នុងប្រវត្តិសាស្ត្រឥណ្ឌា

* ឆ្នាំ២៥០០ មុនគ.ស៖ ប្រទេស ឥណ្ឌាក្លាយជាដែនដីនៃអារ្យធម៌ និងចក្រភពបុរាណ។
* ឆ្នំា១៦០០ នៃគ.ស៖ ចក្រភពអង់គ្លេសបានមកដល់ដែនដីឥណ្ឌា និងបង្កើតទីតាំងជំនួញក្រោមការរគ្រប់គ្រងរបស់ក្រុមហ៊ុនឥណ្ឌាខាងកើត ហើយក្នុងទស្សវត្សរ៍ឆ្នាំ១៨៥០ អង់គ្លេសគ្រប់គ្រងឥណ្ឌាស្ទើទាំងស្រុង។
* ឆ្នាំ១៨៥៨ នៃគ.ស៖ ឥណ្ឌាស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់រដ្ឋាភិបាលអង់គ្លេស។
* ឆ្នាំ១៩២០ នៃគ.ស៖ អ្នកជាតិនិយមឥណ្ឌាលោក មហាត្មាត់គន្ធី បានដឹកនាំយុទ្ធនាការបាតុកម្មទាមទារឯករាជ្យអហិង្សាប្រឆាំង នឹងការគ្រប់គ្រងនៃរដ្ឋាភិបាលអង់គ្លេស ដែលទីបំផុតបាតុកម្មនេះ បានឈានទៅរកការទាមទារឯករាជ្យយ៉ាងពិតប្រាកដ។
* ឆ្នាំ១៩៤៧ នៃគ.ស៖ ប្រទេស ឥណ្ឌាត្រូវបានបំបែកចេញជាពីរ ដោយដែនដីដែលមានពួកហិណ្ឌូភាគច្រើន ស្ថិតក្នុងប្រទេស ឥណ្ឌា ចំណែកពួកម៉ូស្លីមគ្រប់គ្រងប៉ាគីស្ថាន។ ប្រទេសទំាងពីរបានវាយប្រហារគ្នាដើម្បីដណ្តើមតំបន់ កាស្មៀដែលជាតំបន់ជម្លោះ។
* ឆ្នាំ១៩៥០ នៃគ.ស៖ ឥណ្ឌាបានក្លាយជាប្រទេស សាធារណរដ្ឋ។
* ឆ្នាំ១៩៦២ នៃគ.ស៖ ឥណ្ឌា និងចិន បានវាយប្រហារគ្នាតាមបន្ទាត់ព្រំដែន។
* ឆ្នាំ១៩៧១ នៃគ.ស៖ ប្រទេស ឥណ្ឌា និងប៉ាគីស្ថាន បានធ្វើសង្គ្រាមដណ្តើមតំបន់ភាគខាងកើតប៉ាគីស្ថាន ដែលឈានទៅរកការបង្កើតប្រទេសបង់ក្លាដែស។
* ឆ្នាំ១៩៧៤ នៃគ.ស៖ ឥណ្ឌាបានបាញ់សាកល្បងនុយក្លេអ៊ែរក្រោមដីជាលើកដំបូងរបស់ខ្លួន។
* ទសវត្សរ៍ឆ្នាំ១៩៩០ រដ្ឋាភិបាលផ្តើមបង្កើតកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច សេរី បើកចំហសេដ្ឋកិច្ចដល់ពាណិជ្ជករ និងវិនិយោគិនទូទាំងសកលលក។
* ឆ្នាំ២០០០ នៃគ.ស៖ ប្រជាពលរដ្ឋឥណ្ឌាកើនឡើងដល់១ពាន់លាននាក់។

៣. វប្បធម៌

វប្បធម៌ប្រទេសឥណ្ឌា បានអូសបន្លាយអស់រយៈពេល៤៥០០ឆ្នាំមកហើយ។ សង្គមឥណ្ឌាត្រូវបានកំណត់ទៅតាមវណ្ណៈក្នុងសង្គមដែលមានភាពរឹតបន្តឹងជាខ្លាំង។ តម្លៃគ្រួសារមានសារៈសំខាន់ ជាខ្លាំងក្នុងប្រពៃណីឥណ្ឌា។

អាពាហ៍ពិពាហ៍ត្រូវបានគេគិតថាជារឿងជីវិតដ៏សំខាន់មួយ ហេតុនេះអត្រានៃការលែងលះគឺទាបបំផុត។ គិតត្រឹមឆ្នាំ២០០១ ស្ត្រីឥណ្ឌាតែ១,៦ ភាគរយប៉ុណ្ណោះ ដែលបានលែងលះគ្នា ប៉ុន្តែតួលេខនេះបានកើនឡើងដោយសារតែការអប់រំ និងឯករាជ្យនៃសេដ្ឋកិច្ចរបស់ស្ត្រី។ អាពាហ៍ពិពាហ៍កុមារ បានក្លាយជារឿងធម្មតាទៅហើយ ជាពិសេសនៅតាមតំបន់ជនបទ។ ស្ត្រីជាច្រើនបានរៀបអាពាហ៍ពិពាហ៍មុនអាយុ១៨ឆ្នាំ ដែលជាអាយុរៀបការស្របច្បាប់របស់ពួកគេ។

៤. ទំនាក់ទំនងអន្តរជាតិ និងយោធា

ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៧ មកឥណ្ឌា បានថែរក្សាចំណងមិត្តភាពជាមួយប្រជាជាតិជាច្រើន។ នៅទសវត្សរ៍ឆ្នាំ១៩៥០ ឥណ្ឌាបានចាប់យកតួនាទីជាអ្នកគាំទ្រ ដឹកនាំការទាមទារឯករាជ្យរបស់បណ្ដាប្រទេសនៅទ្វីបអាស៊ី និងអាហ្វ្រិកក្រោមអាណានិគមអឺរ៉ុប។

ឥណ្ឌាគឺជាសមាជិកនៃប្រទេសមិនចូលបក្សសម្ព័ន្ធ។ ក្រោយពីសង្គ្រាមរវាង ចិន-ឥណ្ឌា និង ឥណ្ឌា-ប៉ាគីស្ថាន នៅឆ្នាំ១៩៦៥ មកទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង ឥណ្ឌា និងសហភាព សូវៀត បានធ្វើឲ្យឥណ្ឌា បាត់បង់នូវទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក ហើយបានបន្តសភាពបែបនេះរហូតដល់ការបញ្ចប់នូវសង្គ្រាម ត្រជាក់។ ឥណ្ឌា បានធ្វើសង្គ្រាម ៤ ដងជាមួយប៉ាគីស្ថាន ដែលដើមចមសំខាន់នៃជម្លោះ គឺដណ្ដើមដែនដីកាស្មៀរ ។ ឥណ្ឌា បានឈ្នះសង្គ្រាមទៅលើប៉ាគីស្ថាន នៅឆ្នាំ ១៩៧១ ដោយឥណ្ឌាបានជួយគាំទ្រដល់ចលនារំដោះជាតិបង់ក្លាដេស (អតីតប្រទេសប៉ាគីស្ថានខាងកើត )។

ប៉ុន្មានចុងក្រោយនេះ ឥណ្ឌាបានដើរតួនាទីដ៏មានឥទ្ធិពលក្នុងសមាគមអាស៊ាន អង្គការ SAARC និងអង្គការ WTO ។ ឥណ្ឌាគឺជាសមាជិក និងជាអ្នកគាំទ្រអង្គការសហប្រជាជាតិ ជាយូរណាស់មកហើយ។ នៅក្នុងប្រតិបត្តិការថែរក្សាសន្តិសុខចំនួន ៣៥ ទូទាំងទ្វីបទាំង ៤ មានកងទ័ព និងកម្លាំងនគរបាលឥណ្ឌាជាង ៥៥.០០០ នាក់ផងដែរ។

នៅក្នុងវិស័យសេដ្ឋកិច្ចវិញ ឥណ្ឌា បានបង្កើតឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នានា នៅអាមេរិកខាងត្បូង អាស៊ី និងអាហ្វ្រិក។ ឥណ្ឌា ជាប្រទេស ដែលមានកងទ័ពច្រើនជាងគេទី៣ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក ដែលរួមមានទាំង កងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ កងទ័ពជំនួយមានដូចជា ទាហានប៉ារ៉ា (Paramilitary Forces) ឆ្មាំសមុទ្រ (Coast Guard) និងកងកំម៉ង់ដូយុទ្ធសាស្ត្រ (Strategic Forces Command) សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រង របស់កងទ័ពទាំងអស់។

ប្រធានាធិបតី គឺជាមេបញ្ជាការកំពូលនៃកងទ័ពឥណ្ឌា។ ឥណ្ឌាបានក្លាយទៅជាមហាអំណាចនុយក្លេអ៊ែរ នៅឆ្នាំ១៩៧៤ បន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកដំបូងមក ដោយពុំមានការប្រកាសជាសាធារណៈ។ ២៤ ឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩៩៨ បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរម្ដងទៀត ដោយបាន ប្រកាសជាសាធារណៈនូវសក្ដានុភាពរបស់ខ្លួនថា ជាមហាអំណាចនុយក្លេអ៊ែរ។ ជាការឆ្លើយតបចំពោះព្រឹត្តិការណ៍នេះ ប្រទេសប៉ាគីស្ថាន ដែលជាសត្រូវដ៏យូរអង្វែងរបស់ឥណ្ឌា ក៏បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ របស់ខ្លួន នៅឆ្នាំជាមួយគ្នានោះដែរ។

៥. រដ្ឋបាល

បំណែងចែកប្រព័ន្ធរដ្ឋបាល ឥណ្ឌា គឺជាសាធារណរដ្ឋសហព័ន្ធមាន២៨ រដ្ឋ (States) និង០៧ ទឹកដីសហភាព (Union Territories) ហើយមានរដ្ឋធានី ឈ្មោះញូដេលី (New Delhi) ។ គ្រប់រដ្ឋទាំងអស់ និងអាណាខេត្តចំនួនពីរគឺ៖ Producherry និងរដ្ឋធានីជាតិដេលី (National Capital Territory of Delhi) បានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលប្រចាំរដ្ឋ និងអាណាខេត្តផ្ទាល់ខ្លួន។

នៅឆ្នាំ១៩៥៦ តាមរយៈច្បាប់ស្ដីអំពីការរៀបចំរដ្ឋឡើងវិញ (States Reorganisation Act) រដ្ឋត្រូវបានបង្កើតឡើងដោយផ្អែកទៅតាមមូលដ្ឋាននៃភាសា។ រចនាសម្ព័ន្ធថ្មីនេះមិនមានបំលាស់ប្ដូរ អ្វីជាធំដុំទេ។ រដ្ឋ ឬអាណាខេត្តនីមួយៗ ត្រូវបានចែកទៅជា៦១០ ស្រុក (Districts) សម្រាប់ការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។ ស្រុកត្រូវបានចែកទៅជា tehsils និងបន្តចែកទៅជាភូមិ (villages) ។

៦. សេដ្ឋកិច្ច

ចាប់តាំងតែពីបានទទួលឯករាជ្យមក ឥណ្ឌាបានប្រកាន់ភ្ជាប់នូវទិសដៅ សង្គមនិយម ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរឹងទៅលើផ្នែកឯកជន ដូចជាពាណិជ្ជកម្មក្រៅ ប្រទេស និងការវិនិយោគផ្ទាល់ពីបរទេស។ ទោះជាយ៉ាងណាក្ដី ចាប់ពីឆ្នាំ១៩៩១ មក ឥណ្ឌាបានបើកចំហទីផ្សាររបស់ខ្លួន ដោយធ្វើកំណែទម្រង់សេដ្ឋកិច្ច និងបន្ធូរបន្ថយការគ្រប់គ្រង របស់រដ្ឋទៅលើ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគទុនបរទេស។

ឥណ្ឌា មានកម្លាំងពលកម្ម ជាប់លំដាប់ទី២ក្នុងលោក ហើយបានក្លាយទៅជាអ្នកនាំចេញដ៏សំខាន់នូវផលិតផលផ្នែកទន់ (Software) ក៏ដូចជា ហិរញ្ញវត្ថុ ការស្រាវជ្រាវ និងសេវាកម្មផ្នែកបច្ចេកវិជ្ជា។ វាយនភណ្ឌ គ្រឿងអលង្ការ សម្ភារៈវិស្វកម្ម និងផលិតផលផ្នែកទន់ គឺជាផលិតផលនាំចេញដ៏សំខាន់។ ក្រៅពីនេះ ប្រេងឆៅ យានយន្ត ជីរកសិកម្ម ផលិតផលគីមី ក៏ជាផ្នែកនាំចេញដ៏សំខាន់ផងដែរ។ ដៃគូពាណិជ្ជកម្ម សំខាន់បំផុតរបស់ឥណ្ឌាមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសចិន រុស្ស៊ី និងជប៉ុន៕