(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយ បានផ្ដួលដៃគូជាមេដឹកនាំគណបក្សប្រឆាំង លោក កេម៉ាល គីលីកដារ៉ូគ្លូ (Kemal Kilicdaroglu)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។

បើតាមលទ្ធផលបោះឆ្នោត លោក អឺដូហ្កាន់ ទទួលបានសំឡេងគាំទ្រ ៥២.១ភាគរយ ខណៈលោក កេម៉ាល គីលីកដារ៉ូគ្លូ ទទួលបានសំឡេងគាំទ្រ ៤៧.៩ភាគរយ។ លោក គីលីកដារ៉ូគ្លូ បានចាត់ទុកការបោះឆ្នោតកាលពីថ្ងៃអាទិត្យជាការបោះឆ្នោតមួយគ្មានតម្លារភាព ប៉ុន្តែលោកក៏មិនបានជំទាស់នឹងលទ្ធផលបោះឆ្នោតអ្វីនោះដែរ។

នៅក្រោយប្រកាសពីជ័យជម្នះ លោក អឺដូហ្កាន់ បានសន្យាថានឹងទុកជម្លោះទាំងឡាយមួយឡែក ហើយនឹងស្វែងរកការឯកភាពជាតិ ដោយតម្កល់គុណតម្លៃជាតិ ជាធំ៕