(មូហ្សាហ្វហ្វារ៉ាបាដ, ប៉ាគីស្ថាន)៖ មនុស្សយ៉ាងហោច ១១នាក់ បានស្លាប់ នៅក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកក នៅឯតំបន់ភ្នំមួយកន្លែងស្ថិតនៅភាគខាងជើង ប្រទេសប៉ាគីស្ថាន ដោយអ្នកទាំងនេះជាសមាជិកក្រុមគ្រួសារមកពីកុលសម្ព័ន្ធមួយដែលដើរផ្សងព្រេងគ្មានគោលដៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសប៉ាគីស្ថាន មនុស្ស ១៣នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ បន្ទាប់ការបាក់ផ្ទាំងទឹកកកវាយប្រហារលើ ក្រុមគ្រួសារមួយ នៅតំបន់ភ្នំ Shounter Pass កាលពីថ្ងៃសុក្រកន្លងទៅនេះ។ សាកសពជនរងគ្រោះទាំងអស់ត្រូវបានអាជ្ញាធររកឃើញ ខណៈអ្នករងរបួស ក្នុងនោះមានទាំងកុមារម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានសម្ដែងមរណទុក្ខដល់អ្នកដែលបានបាត់បង់ជីវិតផងដែរ ហើយថាការកើនឡើងនៃគ្រោះថ្នាក់បាក់ផ្ទាំងទឹកកក បែបនេះ គឺដោយសារតែការប្រែប្រួលអាកាសធាតុ៕