(ប៉េកាំង)៖ បេសកជនពិសេសចិន លោក លី​ ហ៊ុយ (Li Hui) បាននិយាយថាចិននឹងប្រឹងប្រែងស្វែងរកដំណោះស្រាយនយោបាយមួយ ដើម្បីបញ្ចប់ជម្លោះ អ៊ុយក្រែន ក្នុងពេលដែលទីក្រុងប៉េកាំងកំពុងព្យាយាមដើរតួនាទីជាអាជ្ញាកណ្ដាលនាំរុស្ស៉ី និងអ៊ុយក្រែន ត្រឡប់មករកតុចរចាស្វែងរកសន្តិភាព។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។

លោក លី ហ៊ុយ ធ្វើការកត់សម្គាល់ខាងលើប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ និងត្រូវបានដកស្រង់សម្ដីឱ្យដឹងដោយក្រសួងការបរទេសចិន កាលពីថ្ងៃសៅរ៍ ទី២៧ ខែឧសភា។ បេសកជនពិសេសចិនរូបនេះ ក៏បានបញ្ជាក់ដែរថាចិនតែងតែប្រកាន់ភ្ជាប់នូវកម្មវត្ថុច្បាស់លាស់ និងគោលជំហរស្មើភាព ស្ដីពីជម្លោះអ៊ុយក្រែន សំដៅជំរុញឱ្យមានការលើកកម្ពស់កិច្ចចរចាស្វែងរកសន្តិភាព។ បើតាមក្រសួងការបរទេសចិន លោក លី នឹងបង្កើនការផ្លាស់ប្ដូរ យោបល់ និងបើកកិច្ចសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះរួមមានទាំងរុស្ស៉ីផងដែរ។

គួរបញ្ជាក់ថា​ លោក លី ហ៊ុយ គឺជាបេសកជនពិសេសម្នាក់របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី និងជាអតីតឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសរុស្ស៉ី។ កាលពីពេលថ្មីៗនេះ លោក លី បានបើកកិច្ចសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី និងមន្ត្រីជាន់ខ្ពស់រុស្ស៉ីមួយចំនួន លើបញ្ហាជាច្រើន រាប់ចាប់ពីទំនាក់ទំនងរវាងចិន និងរុស្ស៉ី រហូតដល់ការស្វែងរកដំណោះស្រាយនយោបាយបញ្ចប់ជម្លោះអ៊ុយក្រែន៕