(បែរឡាំង)៖ អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា អ៊ុយក្រែនបានដាក់សំណើសុំឱ្យទីក្រុងបែរឡាំងផ្តល់មីស៉ីលគ្រូស Taurus KEPD 350 ដែលជាមីស៉ីលបាញ់ចេញពីយន្តហោះ និងធ្វើដំណើរបានចម្ងាយដល់ខ្ទង់ ៥០០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់បានប្រាប់ថា រដ្ឋាភិបាលទីក្រុងបែរឡាំង ទទួលបានសំណើខាងលើកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែមិនបានផ្តល់​ព័ត៌មានលម្អិតបន្ថែម ឬបង្ហើបឱ្យដឹងថាតើ អាល្លឺម៉ងទំនងជានឹងយល់ព្រមផ្គត់ផ្គង់មីស៉ីលគ្រូសនោះ តាមការស្នើសុំរបស់អ៊ុយក្រែន ដែរឬក៏អត់ទេ។ ប្រសិនបើសម្រេចផ្តល់ឱ្យអ៊ុយក្រែន អាល្លឺម៉ង់នឹងដើរតាមជំហានរបស់ចក្រភពអង់គ្លេស ដែលក្នុងខែឧសភានេះ បានក្លាយជាប្រទេសដំបូងគេបង្អស់ ដែលបានផ្គត់ផ្គង់មីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយ Storm Shadow ឱ្យទៅទីក្រុងកៀវ។ មីស៉ីល Storm Shadow អាចបាញ់បានចម្ងាយលើស ២៥០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា សម្រាប់សហរដ្ឋអាមេរិកវិញ មកទល់ពេលនេះនៅតែបដិសេធ ក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវមីស៉ីល ATACMS ដែលមានសមត្ថភាព​បាញ់បានចម្ងាយ ៣០០គីឡូម៉ែត្រ ក្រោមក្តីបារម្ភថា អ៊ុយក្រែនអាចប្រើប្រាស់វា វាយប្រហារចូលទឹកដីរបស់ប្រទេសរុស្ស៉ី។ អ៊ុយក្រែនបានបន្តស្នើសុំ​ការផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយច្រើនខែមកហើយ ប៉ុន្តែការគាំទ្រពីក្រុមសម្ព័ន្ធមិត្តលោកខាងលិច បានផ្តោតទៅលើសព្វាវុធដែលមានរយៈចម្ងាយខ្លី៕