(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នាថ្ងៃសៅរ៍នេះ បាននិយាយថា រូបលោកស្ម័គ្រចិត្តជួបជាមួយ ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ដើម្បីព្យាយាមដោះស្រាយបញ្ហា ពលរដ្ឋជប៉ុនដែលត្រូវបានចាប់ជំរិត កាលពី​អំលុងទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍ឆ្នាំ១៩៧០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបសជប៉ុន ដូចជា Mainichi Shimbun, Nikkei និង Kyodo សុទ្ធតែបានរាយការណ៍ថា កំលុងព្រឹត្តិការណ៍ជួបជុំ​មួយនៅទីក្រុងតូក្យូ ស្តីពីប្រធានបទបញ្ហាចាប់ជំរិតខាងលើ លោកនាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមានឆន្ទៈជួបមុខលោក គីម ជុងអ៊ុន ដោយផ្ទាល់ ហើយដោយពុំមាន​បុរេលក្ខខណ្ឌអ្វីទាំងអស់»

គួរបញ្ជាក់ថា នៅឆ្នាំ២០០២ ទីក្រុងព្យុងយ៉ាងធ្លាប់បានសារភាពចំពោះ ការចាប់ជំរិតពលរដ្ឋជប៉ុនចំនួន១៣នាក់ កាលពីអំលុងប៉ុន្មានទសវត្សរ៍មុនពេល​នោះ។ ជនរងគ្រោះ៥នាក់ ហើយនិងគ្រួសាររបស់ពួកគេ ក្រោយមកក៏បានវិលត្រឡប់មកកាន់ប្រទេសជប៉ុនវិញ ដោយនិយាយថា អ្នកដទៃទៀតគឺ​បានបាត់បង់ជីវិតអស់ហើយ។ យ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងតូក្យូជឿជាក់ថា ពលរដ្ឋជប៉ុនសរុប១៧នាក់ ត្រូវបានគេចាប់ជំរិតនៅកូរ៉េខាងជើង ហើយនៅតែបន្តការស៉ើបអង្កេត ជុំវិញជោគវាសនារបស់អ្នកដែលមិនបានត្រឡប់ មកកាន់ប្រទេសរបស់ខ្លួនវិញ៕