(បែរឡាំង)៖ ទីក្រុងបែរឡាំងបានឱ្យដឹងថា អាល្លឺម៉ង់នឹងផ្លាស់ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូ (Patriot) របស់ខ្លួន ដែលបច្ចុប្បន្នកំពុងដាក់ឱ្យ​ឈរជើងនៅក្នុងប្រទេសស្លូវ៉ាគី ទៅកាន់ប្រទេសលីទុយអានី ដើម្បីការពារកិច្ចប្រជុំកំពូលមួយ របស់អង្គការណាតូ (NATO) ដែលគ្រោងធ្វើឡើងក្នុងខែកក្កដាខាងមុខ នៅទីក្រុងវីលនីញូស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣។

អាល្លឺម៉ង់បានដាក់ពង្រាយប្រព័ន្ធ Patriot ចំនួន២គ្រឿង នៅក្នុងប្រទេសស្លូវ៉ាគី និង៣គ្រឿងទៀតនៅក្នុងប្រទេសប៉ូឡូញ។ ក្រសួងការពារជាតិ​អាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងយ៉ាងដូច្នេះថា «សម្រាប់ប្រព័ន្ធការពារដែនអាកាស ដែលដាក់នៅលើដីគោក សម្រាប់ការពារកិច្ចប្រជុំ NATO គឺយើងនឹងនាំយកប្រព័ន្ធ Patriot របស់យើង ពីស្លូវ៉ាគីព្រមទាំងបរិក្ខារគាំទ្រមួយចំនួនទៀតពីប៉ូឡូញ ទៅកាន់លីទុយអានី»។ ប្រការនេះ ក៏នឹងបញ្ចប់ការដាក់ពង្រាយប្រព័ន្ធ Patriot របស់អាល្លឺម៉ង់ នៅស្លូវ៉ាគីតែម្តងផងដែរ។ យ៉ាងណាក្តី អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បានបដិសេធផ្តល់​ព័ត៌មានលម្អិតអំពីបរិក្ខារអ្វីឱ្យប្រាកដ ដែលអាល្លឺំម៉ង់នឹងនាំយកពីប៉ូឡូញទៅកាន់លីទុយអានី។

គួរបញ្ជាក់ថា ប្រព័ន្ធ Patriot ដែលជាផលិតផលរបស់ក្រុមហ៊ុនការពារជាតិអាមេរិក Raytheon ត្រូវបានចាត់ទុកជាប្រព័ន្ធការពារដែនអាកាស​ដ៏ទំនើបបំផុតមួយរបស់ពិភពលោក នាពេលបច្ចុប្បន្ន។ កន្លងមក អ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៉ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៉ី ដោយប្រើប្រាស់ប្រព័ន្ធ Patriot ដែលទទួលបានពីសហរដ្ឋអាមេរិក៕