(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រាប់បេសកជនពិសេសរបស់ប្រទេសចិន គឺលោក លី ហ៊ុយ (Li Hui) ថា នៅមានឧបសគ្គធំៗដែលកំពុងបន្តរារាំងឱកាស នៃការបន្តកិច្ចចរចាស្វែងរកសន្តិភាពឡើងវិញ ដោយលោក​បានបន្ទោសទៅលើអ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការបរទេសរុស្ស៉ី បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «លោករដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្ត​របស់ទីក្រុងមូស្គូ ចំពោះការស្វែងរកដំណោះស្រាយតាមផ្លូវការទូត សម្រាប់ជម្លោះនៅអ៊ុយក្រែន ដោយលោកបានកត់សម្គាល់អំពីឧបសគ្គធំៗ ដែល​កំពុងរារាំងឱកាសដើម្បីបន្តការចរចាសន្តិភាពឡើងវិញ ខណៈពួកវាត្រូវបានបង្កើតឡើងអ៊ុយក្រែននិងក្រុមប្រទេសលោកខាងលិច»។ កំលុងជំនួប​ជាមួយលោក លី ដែលធ្លាប់កាន់តួនាទីជា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៉ី កាលពីចន្លោះឆ្នាំ២០០៩-២០១៩ លោក ឡាវរ៉ូវ ក៏បានស្ងើចសរសើរចំពោះ ​គោលជំហរដែលមានតុល្យភាពរបស់ទីក្រុងប៉េកាំង ជុំវិញបញ្ហាអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា ក្នុងនាមជាប្រទេសមហាអំណាច ដ៏មានឥទ្ធិពលមួយនៅលើពិភពលោក ចិនកំពុងព្យាយាមដើរតួជាអ្នកសម្រុះសម្រួលជម្លោះអ៊ុយក្រែន ដែលបានអូសបន្លាយជាងមួយឆ្នាំមកហើយ។ ដំណើរទស្សនកិច្ចរបស់ បេសកជនពិសេសចិនខាងលើ នៅរដ្ឋធានីមូស្គូនៃប្រទេសរុស្ស៉ីកើតមានឡើង បន្ទាប់ពីលោក លី បានជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯទីក្រុងកៀវកាលពីសប្តាហ៍មុន៕