(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីជនរូបនោះ បានទៅបើកចំហទ្វាររបស់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines តែប៉ុន្មាននាទីប៉ុណ្ណោះ មុនវាត្រូវចុះចតដល់ដីនៅទីក្រុងឌែហ្គូ (Daegu) ដែលជាហេតុនាំ​ឱ្យមានការផ្អើលឆោឡោ ក្នុងចំណោមអ្នកដំណើរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

យន្តហោះខាងលើ ដែលជាប្រភេទ Airbus A321-200 បានចុះចតដោយសុវត្ថិភាព នៅខ្ទង់ម៉ោង១២៖៤០នាទីថ្ងៃត្រង់ ក្រោយធ្វើដំណើរចេញពី​កោះចេជូ (Jeju) កាលពីមួយម៉ោងមុននោះ។ មិនមាននរណាម្នាក់បានរងគ្រោះថ្នាក់ ក្នុងឧប្បត្តិហេតុនេះឡើយ ក៏ប៉ុន្តែមនុស្សចំនួន៩នាក់ ដែលសុទ្ធតែជាក្មេងៗវ័យជំទង់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីពួកគេមានបញ្ហាក្នុងការដកដង្ហើម។

គួរបញ្ជាក់ថា បើតាមក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង ប៉ូលិសបានឃាត់ខ្លួនបុរសអ្នកដំណើរ ដែលបានបើកទ្វារយន្តហោះនោះហើយ ប៉ុន្តែមិន​​បានបង្ហើបឱ្យដឹងថា មូលហេតុអ្វីបានជាជននោះធ្វើយ៉ាងដូច្នោះទេ។ អ្នកនាំពាក្យអាកាសចរណ៍ Asiana បានឱ្យដឹងថា បុរសនោះបានបើកទ្វារ នៅពេលយន្តហោះត្រូវចុះចតដល់ដី ក្នុងពេលត្រឹម២-៣នាទីទៀតប៉ុណ្ណោះ ដូច្នេះហើយទ្វារត្រូវបានបើកចំហរ នៅរយៈកម្ពស់ខ្ទង់២០០ម៉ែត្រលើផ្ទៃដី។ បុរសខាងលើអង្គុយនៅជិតទ្វារច្រកចេញបន្ទាន់នោះ ខណៈអ្នកដំណើរទាំងអស់ សុទ្ធតែនៅជាប់នឹងកៅអង្គុយហើយ​ដាក់ខ្សែក្រវាត់ជាប់ ដោយសារចំពេលយន្តហោះត្រៀមចុះចត៕