(ប៉េកាំង)៖ កម្មវិធីរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានបង្ហាញនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនកំពុងត្រៀមខ្លួនធ្វើប្រតិបត្តិការ ជើងហោះហើរពាណិជ្ជកម្មលើកដំបូង នៃយន្តហោះដឹកអ្នកដំណើរ C919 ដែលចិនផលិតនៅក្នុងស្រុកផ្ទាល់ នាថ្ងៃអាទិត្យ​ចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

ជើងហោះហើរពាណិជ្ជកម្មលើកទីមួយ របស់យន្តហោះ C919 នឹងចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ ហុងឈាវ (Hongqiao) នៃទីក្រុងសៀងហៃ នៅម៉ោង១០៖៤៥នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅប៉េកាំង) ហើយទៅដល់អាកាសយានដ្ឋានអន្តរជាតិ កាពីតាល់ (Capital) នៃទីក្រុងប៉េកាំង នៅម៉ោង១៖១០នាទីរសៀល។ ការចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ C919 នឹងបម្រើជាជោគជ័យមួយ សម្រាប់​​ក្តីសង្ឃឹមរបស់ប្រទេសចិន ដែលរំពឹងចង់ឱ្យយន្តហោះអ្នកដំណើររបស់ខ្លួននេះ នឹងអាចប្រជែងជាមួយយន្តហោះ Boeing និង Airbus ដែល​បានគ្រប់គ្រងលើ ទីផ្សារឧស្សាហកម្មផលិតយន្តហោះអ្នកដំណើររបស់ពិភពលោក អស់រយៈពេលជាយូរណាស់មកហើយ។

គួរបញ្ជាក់ថា កន្លងមក យន្តហោះ C919 ដែលផលិតដោយក្រុមហ៊ុនចិន COMAC ដើម្បីប្រជែងជាមួយត្រកូលយន្តហោះ A320neo របស់ក្រុមហ៊ុនអឺរ៉ុប Airbus និងត្រកូលយន្តហោះ 737 MAX របស់ក្រុមហ៊ុនអាមេរិក Boeing គឺបានឆ្លងកាត់ការធ្វើតេស្តហោះហើរ ដោយគ្មានអ្នកដំណើរច្រើនជើងមកហើយ។ កាលពីខែមីនា ឆ្នាំ២០២១ អាកាសចរណ៍ China Easter បានចុះកិច្ចសន្យាសម្រាប់យន្តហោះ C919 ចំនួន៥គ្រឿង ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងបង្អស់នៃយន្តហោះអ្នកដំណើរនេះ ហើយក្រុមហ៊ុនទទួលបាន១គ្រឿងដំបូង កាលពីខែធ្នូ ឆ្នាំ២០២២។ ខណៈយន្តហោះ C919 ត្រូវបានដំឡើងនៅក្នុងប្រទេសចិនទាំងស្រុងក៏ដោយ វាពឹងផ្អែកភាគច្រើនទៅលើ សមាសធាតុគ្រឿង​របស់លោកខាងលិច រួមមានទាំងម៉ាស៉ីននិងប្រព័ន្ធអេឡិចត្រូនិច៕