(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រនេះថា កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់មីស៉ីលចំនួន ១០គ្រាប់ និងយន្តហោះដ្រូនជាង ២០គ្រឿង ដែលរុស្ស៊ីបានបាញ់ស្រោចពេញមួយយប់មកលើរដ្ឋធានីកៀវ ទីក្រុងឌីនីប្រូ (Dnipro) និងតំបន់ភាគខាងកើត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ១០គ្រាប់ដែលបាញ់ចេញពីសមុទ្រកាសព្យែន យន្តហោះដ្រូន Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ២៣គ្រឿង និងយន្តហោះដ្រូនឈ្លបយកការណ៍ចំនួន ២គ្រឿង។ មីស៉ីលសរុបចំនួន ១៧គ្រាប់ និងយន្តហោះដ្រូនចំនួន ៣១គ្រឿង ត្រូវបានប្រើប្រាស់កំលុងការវាយប្រហារ ដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ១០យប់ថ្ងៃព្រហស្បតិ៍ និងបន្តរហូតដល់ម៉ោង ៥ព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។ យន្តហោះដ្រូន និងមីស៉ីលជាច្រើន បានវាយប្រហារគោលដៅ ក្នុងតំបន់ខាកៀវ (Kharkiv) និងតំបន់ឌីនីប្រូផេតរូវស្ក៍ (Dnipropetrovsk)។ ភ្លាមៗនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ អំពីការស្លាប់ ឬខូចខាតនោះទេ។

គួរបញ្ជាក់ថា រុស្ស៉ីបានបង្កើនការវាយប្រហារដោយមីស៉ីល និងយន្តហោះដ្រូនលើអ៊ុយក្រែននៅក្នុងខែឧសភានេះ ដោយផ្តោតសំខាន់លើផ្នែកភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធ មុនពេលមានប្រតិបត្តិការវាយបករបស់អ៊ុយក្រែន៕