(សេអ៊ូល)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កងទ័ពកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្រោមសេណារីយ៉ូ មានការវាយប្រហារពេញទំហឹងពីកូរ៉េខាងជើង ខណៈសម្ព័ន្ធមិត្តទាំងពីរបាននិយាយថា វាគឺជាលំហាត់បាញ់គ្រាប់ពិតធំបំផុត ដើម្បីបង្ហាញ​ពីសមត្ថភាពយោធាដ៏ខ្លាំងក្លាលើសលប់របស់ពួកគេ ប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត កាំភ្លើងធំ និងរថក្រោះជាដើម ត្រូវបានប្រើប្រាស់ ដើម្បីហាត់សមបាញ់វាយប្រហារទៅលើគោលដៅ ក្នុងសមយុទ្ធដែលប្រព្រឹត្តទៅនៅ ទីក្រុងភូឈន (Pocheon) ក្បែរតំបន់ព្រំប្រទល់អន្តរកូរ៉េ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «សមយុទ្ធនេះស្តែងឱ្យឃើញពីសមត្ថភាព និងការត្រៀមលក្ខណៈនៃយោធារបស់យើង ក្នុងការឆ្លើយតបយ៉ាងរឹងមាំចំពោះការគំរាមកំហែង​មីស៉ីលនិងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ក៏ដូចជាចំពោះការវាយប្រហារពេញទំហឹង ពីសំណាក់កូរ៉េខាងជើង»។ បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង កងទ័ពសរុបប្រហែល២,៥០០នាក់ មកពីកូរ៉េខាងត្បូងនិងអាមេរិក បានចូលរួមក្នុងលំហាត់យោធានេះ ហើយវានឹងត្រូវធ្វើឡើង៤លើកទៀត ចាប់ពីពេលនេះរហូតដល់ពាក់កណ្តាលខែមិថុនាខាងមុខ។

គួរបញ្ជាក់ថា កងកម្លាំងរបស់កូរ៉េខាងត្បូងនិងរបស់សហរដ្ឋអាមេរិក បានបន្តធ្វើសកម្មភាពហ្វឹកហ្វឺនចម្រុះបែបជាបន្តបន្ទាប់ ចាប់តាំងតែពី​ខែមីនា ឆ្នាំនេះ ក្នុងនោះមានទាំងសមយុទ្ធលើផ្ទៃអាកាស និងសមយុទ្ធនៅដែនសមុទ្រ ដែលមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែក និងនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក។ កូរ៉េខាងជើងបានបញ្ចេញប្រតិកម្មខឹងសម្បារចំពោះសមយុទ្ធទាំងនេះ ដោយចាត់ទុកពួកវាថាជា ការត្រៀមលក្ខណៈរបស់អាមេរិកនិងកូរ៉េខាងត្បូង សម្រាប់ការឈ្លានពានមកលើខ្លួន៕