(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវគ្រាប់រ៉ុក្កែតនូរី (Nuri) ដែលផលិតក្នុងស្រុក ហើយបានដាក់ផ្កាយរណបដែលកំពុងដំណើរការទៅកាន់គន្លងតារាវិថី ដោយនេះជាជំហានឆ្ពោះទៅមុខដ៏សំខាន់នៃកម្មវិធីអវកាស ដែលកំពុងរីកចម្រើនរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

នេះគឺជាការបាញ់បង្ហោះលើកទី ៣នៃគ្រាប់រ៉ុក្កែត Nuri ដែលធ្លាប់ទទួលបានជោគជ័យក្នុងការសាកល្បង នាំយកផ្កាយរណបទៅកាន់គន្លងតារាវិថីកាលពីឆ្នាំ២០២២ បន្ទាប់ពីបរាជ័យកាលពីឆ្នាំ២០២១។ គ្រាប់រ៉ុក្កែត ៣កំណាត់ដែលមានប្រវែងជាង ៤៧ម៉ែត្រនិងទម្ងន់ ២០០តោន បានហោះឡើងទៅលើអាកាសកាលពីវេលាម៉ោង ៦និង ២៤នាទីល្ងាច (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលអវកាសណារ៉ូ (Naro) ដែលស្ថិតនៅឯតំបន់ឆ្នេរសមុទ្រភាគខាងត្បូង របស់ប្រទេសកូរ៉េខាងត្បូង។

លោក លី ចុងហូ (Lee Jong-ho) រដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា «ផ្កាយរណបដ៏សំខាន់ត្រូវបានភ្ជាប់ជាមួយស្ថានីយ៍ឃីង សេចុង (King Sejong) របស់កូរ៉េខាងត្បូងនៅទ្វីបអង់តាក់ទិក ដោយនេះបានសបញ្ជាក់ ឲ្យឃើញពីសក្តានុពលរបស់យើង សម្រាប់បេសកម្មបាញ់បង្ហោះផ្កាយរណបផ្សេងៗ និងការរុករកនៅទីអវកាស»។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង បានដាក់ចេញនូវមហិច្ឆិតាធ្វើប្រតិបត្តិការនៅទីអវកាស រួមទាំងកំណត់គោលដៅចុះចតយានអវកាសលើឋានព្រះច័ន្ទ នៅឆ្នាំ ២០៣២ និងភពអង្គារនៅឆ្នាំ ២០៤៥។ សម្រាប់តំបន់អាស៊ី ចិន ជប៉ុន និងឥណ្ឌា សុទ្ធតែមានកម្មវិធីអវកាសទំនើបៗ ហើយថ្មីៗនេះកូរ៉េខាងជើង បានឈានជើងចូលជាសមាជិកនៃប្រទេសដែលមានសមត្ថភាពបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួន៕