(មូស្គូ)៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សេវាសន្តិសុខរបស់រុស្ស៉ីបានដឹងយ៉ាងច្បាប់ពីអ្វីដែលពួកគេកំពុងធ្វើ បន្ទាប់ពីមន្ត្រីចារកម្ម ជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បានបង្ហើបឱ្យដឹងថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គឺជាមនុស្សទី១ នៅក្នុងបញ្ជីឈ្មោះមនុស្សដែលទីក្រុងកៀវចង់សម្លាប់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

លោក វ៉ាឌីម ស្គីប៊ីតស្គី (Vadym Skibitsky) ជាអនុប្រធានសេវាស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន បានប្រាប់កាសែតអាល្លឺម៉ង់ ឌី វែល (Die Welt) ក្នុង បទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា ទីក្រុងកៀវចង់សម្លាប់លោក ពូទីន ដោយសារតែមេដឹកនាំរុស្ស៉ីរូបនេះគឺជាអ្នកសម្របសម្រួល និងជាអ្នកសម្រេចចិត្ត គ្រប់យ៉ាងនៅក្នុងសង្រ្គាម។ ក្រៅពីលោក ពូទីន លោក ស្គីប៊ីតស្គី បានឱ្យដឹងទៀតថាថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល លោក ព្រីហ្គោហ្ស៉ីន រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ អគ្គនាយសេនាធិការកងទ័ពរុស្ស៉ី លោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ និងមេបញ្ជាការ លោក សឺហ្គៃ ស៊ូរ៉ូវីគីន ក៏ស្ថិតនៅក្នុងចំណោមបញ្ជីឈ្មោះដែល អ៊ុយក្រែនចង់សម្លាប់ផងដែរ។

លោក ស្គីប៊ីតស្គី បានបន្ថែមថា ការធ្វើឃាតលោក ពូទីន មានការលំបាក ដោយសារតែកន្លងមក លោកស្ថិតនៅកន្លែងសម្ងាត់ច្រើនពេក ក្នុងមួយរយៈពេល ចុងក្រោយនេះ ប៉ុន្តែ បច្ចុប្បន្ន លោក ពូទីន បានចាប់ផ្ដើមបង្ហាញខ្លួននៅតាមទីសាធារណៈញឹកញាប់ជាងមុន។ ដោយឡែក នៅពេលត្រូវបានសាកសួរពីវិធានការ ការពារលោក ពូទីន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា «ជឿខ្ញុំចុះ សេវាសន្តិសុខរបស់យើង ស្គាល់ពីតួនាទីរបស់ពួកគេ និងការងារដែលពួកគេកំពុងធ្វើ»

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង បទសម្ភាសន៍របស់លោក ស្គីប៊ីតស្គី គឺជាការបញ្ជាក់មួយថារុស្ស៉ីមានសិទ្ធិ និងជារឿងត្រឹមត្រូវដែលរុស្ស៉ីបើក ប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែនកាលពីជាង ១៥ខែមុន ដែលលោកខាងលិច និងអ៊ុយក្រែនចាត់ទុកថាជាសង្រ្គាមឈ្លានពាន។

វិមានក្រឹមឡាំង ក៏ធ្លាប់បានចោទប្រកាន់ដែរថាអ៊ុយក្រែនជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្ដហោះដ្រូន លើវិមានក្រឹមឡាំង ក្នុងចេតនាសម្លាប់លោក ពូទីន កាលពីដើមខែឧសភាកន្លងទៅនេះ។ ទីក្រុងកៀវបានច្រានចោលការចោទប្រកាន់នេះ តែកាសែតអាមេរិក New York Times កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែរបានរាយការណ៍ថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ជឿជាក់ថាការវាយប្រហារដោយយន្ដហោះដ្រូននេះ ទំនងជារៀបចំឡើងដោយចារកម្មអ៊ុយក្រែន ឬទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន៕