(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចោទប្រកាន់ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner Group ថាកំពុងផ្គត់ផ្គង់មីស៊ីល ឱ្យទាហានប៉ារ៉ា RSF ដែលជាភាគីម្ខាងនៅក្នុងជម្លោះនៅស៊ូដង់ ដែលបានបង្ខំឱ្យមនុស្សជិត ១.៣លាននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

ការចោទប្រកាន់ប្រឆាំងនឹងក្រុមហ៊ុន Wagner ធ្វើឡើង ខណៈក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មលើមេដឹកនាំក្រុមហ៊ុនទាហានស៊ីឈ្នួលមួយនេះ នៅក្នុងប្រទេសម៉ាលី ដោយចោទប្រកាន់ថាបានព្យាយាមស្វែងរកអាវុធផ្គត់ផ្គង់ឱ្យរុស្ស៉ី ប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួន ក្រសួងហិរញ្ញវត្ថុអាមេរិកបានឱ្យដែរថាមីស៊ីលដែលក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner ផ្ដល់ឱ្យទាហានប៉ារ៉ាស៊ូដង់ RSF គឺជាប្រភេទមីស៊ីល បាញ់ពីដីគោកទៅអាកាស ដែលបានចូលរួមចំណែកអូសបន្លាយជម្លោះ និងមានតែបង្កចលាចលក្នុងតំបន់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានអះអាងថាអាទិភាពរបស់ខ្លួន នៅក្នុងប្រទេសស៊ូដង់ នោះគឺកាត់បន្ថយអំពើហិង្សា មុននឹងឈានទៅដល់ការបញ្ចប់ជម្លោះ ជាអចិន្ត្រៃយ៍ ហើយជំរុញឱ្យស៊ូដង់ត្រឡប់ទៅរកការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិល៕