(វ៉ាស៊ីនតោន)៖ ការទទូចចង់បានយន្ដហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិកជាយូរណាស់មកហើយ របស់អ៊ុយក្រែន បានក្លាយជាការពិតហើយ កាលពីចុងសប្ដាហ៍កន្លងទៅ នៅពេលដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ផ្ដល់ភ្លើងបៃតងសម្រាប់ការបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែនពីរបៀបប្រើ យន្ដហោះចម្បាំងជំនាន់ទី៤នេះ។ ការយល់ព្រមរបស់លោក បៃដិ​ន ដែលធ្វើឡើងនៅឯកិច្ចប្រជុំកំពូលមួយជាមួយមេដឹកនាំ G7 ដទៃទៀត ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចក្រភពអង់គ្លេស និងហូឡង់ បានប្រកាសពីការបង្កើតក្រុមចម្រុះអន្តរជាតិមួយក្នុងគោលដៅ ស្វែងរកការផ្គត់ផ្គង់យន្ដហោះចម្បាំង F-16 ឱ្យទីក្រុងកៀវ ដែលកំពុងប្រឹងប្រែងពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ទប់ទល់នឹងការវាយប្រហារ តាមផ្លូវអាកាសពីរុស្ស៉ី។

យន្ដហោះចម្បាំង F-16 ត្រូវបានគេរំពឹងថានឹងក្លាយជាការធ្វើបច្ចុប្បន្នភាពបន្ថែមពីលើកងយន្ដហោះចម្បាំងសម័យសូវៀត ដែលអ៊ុយក្រែនកំពុងប្រើ។ លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោក បៃដិន ជាមួយការបង្ហោះសារលើ Twitter ថា យន្ដហោះចម្បាំង​ F-16 «នឹងពង្រឹងសមត្ថភាពកងទ័ពរបស់យើងនៅលើអាកាស»។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគយល់ថាយន្ដហោះចម្បាំង F-16 មិនមែនជាអាវុធ ទិព្វនោះទេ រីឯទីក្រុងមូស្គូ ក៏អាចទាញយកប្រយោជន៍ផងដែរប្រសិនបើអ៊ុយក្រែនមានចន្លោះប្រហោងក្នុងការបញ្ជាយន្ដហោះចម្បាំងនេះ។ ដូច្នេះយើងគួរតែ ស្វែងយល់ជាមុនសិនថាតើអ្វីទៅជា F-16៖

* យន្ដហោះចម្បាំងលក់ដាច់ជាងគេលើពិភពលោក
F-16 ជាប្រភេទយន្ដហោះចម្បាំងប្រើម៉ាស៊ីនតែមួយ និងជាយន្ដហោះចម្បាំងមានតួនាទីច្រើន ដោយអាចត្រូវបានប្រើក្នុងបេសកកម្មបាញ់គ្នានៅលើអាកាស និងវាយប្រហារពីអាកាសទៅដីគោក។ F-16 ត្រូវបានដាក់ឱ្យប្រើប្រាប់ក្នុងជួរកងទ័ពអាកាសអាមេរិកជាលើកដំបូង ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយក៏ត្រូវបាន គេចាត់ទុកផងដែរថាជាយន្ដហោះចម្បាំងមានតម្លៃទាប តែជាប្រព័ន្ធអាវុធមានគុណភាពខ្ពស់។ សហរដ្ឋអាមេរិក ផលិតយន្ដហោះចម្បាំងជំនាន់ទី៤នេះ រាប់ពាន់គ្រឿង អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ និងមានរាប់រយគ្រឿងត្រូវបាននាំចេញទៅជុំវិញពិភពលោក។

បើតាមរបាយការណ៍ Flight Global’s World Air Forces មានយន្ដហោះចម្បាំង F-16 ជិត ២,២០០គ្រឿងកំពុងត្រូវបានប្រើប្រាស់នៅក្នុងឆ្នាំ២០២៣ នៅទូទាំងពិភពលោក ដែលធ្វើឱ្យវាក្លាយជាយន្ដហោះចម្បាំងប្រើម៉ាស៊ីនតែមួយមានប្រជាប្រិយភាពជាងគេបំផុត និងតំណាងឱ្យ១៥ភាគរយ នៃកងយន្ដហោះចម្បាំងពិភពលោក។ មិនទាន់មានការបញ្ជាក់ថាតើប្រទេសណាខ្លះនឹងផ្ដល់យន្ដហោះចម្បាំង F-16 ឱ្យអ៊ុយក្រែន ឬចំនួនប៉ុន្មានគ្រឿងនោះទេ ខណៈទីក្រុងកៀវចង់បានជាង ២០០គ្រឿង ហើយក៏មិនទាន់ដឹងថាតើអ៊ុយក្រែន នឹងទទួលបានយន្ដហោះចម្បាំង F-16 ស៊េរីណាមួយ ចាស់ ឬក៏ថ្មី នោះដែរ។

លោក Robert Hopkins ជាអ្នកជំនាញខាងយន្ដហោះចម្បាំង និងជាអតីតពីឡុតកងទ័ពអាកាសអាមេរិក បាននិយាយថាតួលេខមិនមែនជាបញ្ហាចោទទេ ពីព្រោះយន្ដហោះចម្បាំង F-16 សម្បូរនៅតាមបណ្ដាប្រទេសលោកខាងលិច ជាពិសសេគឺប្រទេសក្នុងតំបន់អឺរ៉ុបតែម្ដង។ លោក Hopkins បន្ថែមថានៅមាន យន្ដហោះចម្បាំងទំនើបជាង F-16 ទៅទៀត នោះគឺ F-35, F/A-18s និងយន្ដហោះចម្បាំងបារាំង Rafales តែយន្ដហោះចម្បាំងទាំងនេះមិនសម្បូរទេ។

* ធ្វើយ៉ាងណារក្សា F-16 នៅលើអាកាស
ក្រុមអ្នកវិភាគ បាននិយាយថាដោយសារតែ F-16 ជាប្រភេទយន្ដហោះចម្បាំងពេញនិយមមានគេប្រើច្រើន ដូច្នេះការស្វែងរកបរិក្ខារ ឬគ្រឿងបន្លាស់ចាំបាច់ ដើម្បីរក្សា សមត្ថភាពប្រយុទ្ធរបស់យន្ដហោះចម្បាំងនេះ ក៏មិនសូវជាពិបាកណាស់ណានោះដែរ។ ប៉ុន្តែ អ្វីដែលជាបញ្ហាចោទ នោះគឺយន្ដហោះចម្បាំងទំនើប ដូចជា F-16 គឺត្រូវការការថែទាំកម្រិតខ្ពស់បំផុត។ ពោលគឺការបណ្ដុះបណ្ដាលអ្នកជំនាញថែទាំ អាចនឹងចំណាយពេលយូរជាងការបណ្ដុះបណ្ដាលពីឡុត ទៅទៀត។

លោក Peter Layton មកពីវិទ្យាស្ថាន Griffith Asia Institute និងជាអតីតមន្ត្រីកងទ័ពអាកាសអូស្ត្រាលី បានប្រាប់ទូរទស្សន៍ CNN ថាវាអាចទៅរួចដែល ការបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន ពីរបៀបបញ្ជា F-16 អាចចំណាយពេលត្រឹម ៣ខែ។ ប៉ុន្តែ ការបណ្ដុះបណ្ដាលអ្នកជំនាញថែទាំ អាចនឹងច្រើនពេលរាប់ខែ ឬច្រើនឆ្នាំក៏ថាបាន អាស្រ័យលើកម្រិតជំនាញដែលចង់បាន។ នេះបើតាមរបាយការណ៍សេវាស្រាវជ្រាវសភាអាមេរិក CRS។ CRS ឱ្យដឹងដែរថា បើទោះជាឆ្លង កាត់ការបណ្ដុះបណ្ដាល ១៣៣ថ្ងៃនៅឯសាលាក៏ដោយ ក៏អ្នកជំនាញថែទាំម្នាក់នៃកងទ័ពអាកាសអាមេរិក ត្រូវចាយពេលមួយឆ្នាំពេញលើបទពិសោធន៍ការងារ ជាក់ស្ដែង ដើម្បីក្លាយជាអ្នកជំនាញពេញលក្ខណៈ។

របាយការណ៍ដដែលបានកត់សម្គាល់ទៀតថា F-16 ត្រូវការការថែទាំច្រើន ដោយនៅពេលធ្វើប្រតិបត្តិការហោះហើរមួយម៉ោង វាត្រូវការការថែទាំ ១៦ម៉ោង។ លើសពីនេះទៅទៀត ការបណ្ដុះបណ្ដាលរយៈពេល៣ខែ ត្រឹមតែជាថ្នាក់មូលដ្ឋានប៉ុណ្ណោះរួមមានការបញ្ជាយន្ដហោះ ហោះឡើង បញ្ជាយន្ដហោះនៅលើអាកាស និងការចុះចតដោយសុវតិ្ថភាព។ ប៉ុន្តែ អ្វីដែលរឹតតែស្មុគស្មាញ នោះគឺការបញ្ជាយន្ដហោះចម្បាំង F-16 ក្នុងបេសកកម្មប្រយុទ្ធ ដែលអាចនឹងចំណាយពេលច្រើនឆ្នាំ ដើម្បីរៀនឱ្យស្ទាត់។ ក្រុមអ្នកគាំទ្រអ៊ុយក្រែន បានរិះគន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ថាគួរតែបញ្ជូនយន្ដហោះចម្បាំងតាំងតែពីសង្រ្គាមផ្ទុ ឡើង នៅប៉ុន្មានខែដំបូងមកម្ល៉េះ។

បើតាមលោក Peter Layton ក្នុងពេលបច្ចុប្បន្ន ពីឡុតអ៊ុយក្រែនបានបង្ហាញពីសមត្ថភាព និងភាពប៉ិនប្រសប់ ហើយអាចបញ្ជាយន្ដហោះចម្បាំង F-16 យ៉ាងមាន ប្រសិទ្ធភាពនៅក្នុងរយៈពេលខ្លី ប្រសិនបើកំណត់សកម្មភាព នៅត្រឹមតែការពារដែនអាកាស បាញ់ទម្លាក់យន្ដហោះចម្បាំងឈ្លានពាន ឬមីស៊ីលរបស់រុស្ស៉ី។ តែបើ ព្យាយាមបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន ពីរបៀបបញ្ជា F-16 នៅក្នុងការវាយប្រហាររយៈកម្ពស់ទាប នៅពេលយប់ ឬនៅគ្រប់ស្ថានភាព ដោយប្រើប្រព័ន្ធ អ៊ីនហ្វ្រារ៉េដ និងគ្រាប់បែកភ្ជាប់ជាមួយឡាស៊ែរ នោះវាអាចនឹងត្រូវចាយពេលយូរ។

* តើត្រូវលាក់ F-16 ដោយរបៀបណា?
ឧទាហរណ៍ បើអ៊ុយក្រែនរៀនចេះប្រើក៏ដោយ ក៏នៅបញ្ហានៅតែមាន នោះគឺថាតើអ៊ុយក្រែ​ន ត្រូវលាក់យន្ដហោះចម្បាំង F-16 ពីរុស្ស៉ីដោយរបៀបណា? អ្នកវិភាគ ២ រូបមកពីវិទ្យាស្ថាន RAND Corp មានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក John Hoehn និងលោក William Courtney បានសរសេរនៅលើប្លុកមួយកាលពី ដើមខែឧសភានេះថា « F-16 ស័ក្តិសមបំផុតនឹងផ្លូវរត់វែង និងរលូន។ តែ ផ្លូវរត់សព្វថ្ងៃនៅទូទាំងប្រទេសអ៊ុយក្រែន គឺសម្រាប់យន្ដហោះចម្បាំងសម័យសូវៀត អាចនឹងបង្កផលលំបាកដល់ F-16។ ដើម្បីបញ្ជាយន្ដហោះចម្បាំងលោកខាងលិច អ៊ុយក្រែនអាចនឹងត្រូវជួសជុលកែលម្អ និងពង្រីកផ្លូវរត់មួយចំនួន តែការធ្វើបែប នេះអាចនឹងឱ្យរុស្ស៉ីចាប់សញ្ញាបាន»។ អ្នកវិភាគទាំង២រូប បន្តថាតែបើមានតែផ្លូវរត់មួយចំនួនតូចដែលស័ក្តិសម និងស្ថិតនៅក្នុងទីតាំងដែលគេបានស្គាល់វិញ នោះរុស្ស៉ីអាចនឹងបើកការវាយប្រហារស្កាត់មិនឱ្យអ៊ុយក្រែនបញ្ជាយន្ដហោះចម្បាំង F-16 ហោះឡើងបានដោយងាយៗនោះទេ។

កាន់តែពិសេសទៅទៀតនោះ ក្នុងករណីដែលអ៊ុយក្រែនអាចជម្នះបានលើបញ្ហាឡូហ្ស៉ីស្ទិក និងការថែទាំ ក៏អ៊ុយក្រែននៅសល់បញ្ហាធំមួយទៀត គឺការបំពាក់អាវុធ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពលើ F-16 ដើម្បីអាចប្រឈមមុខនឹងយន្ដហោះចម្បាំងសំខាន់ៗដែលរុស្ស៉ីកំពុងប្រើ ដូចជា Su-25 និង MiG-31។ ប៉ុន្តែ បើតាម របាយការណ៍ CRS អាវុធសម្រាប់បំពាក់លើ F-16 មានតម្លៃខ្ពស់កប់ពពក។ តួយ៉ាង គ្រាប់មីស៊ីល Advanced Medium Range Air-to-Air Missile ឬ AMRAAM តែមួយគ្រាប់មានតម្លៃជាង ១.២លានដុល្លារទៅហើយ។ CRS បន្តថាសហរដ្ឋអាមេរិកអាចផ្ដល់មីស៊ីល AMRAAM និងអាវុធដទៃចេញពីស្ដុករបស់ខ្លួន តែត្រូវការ ពេលច្រើនឆ្នាំដើម្បីបំពេញស្ដុកអាវុធឡើងវិញ ហើយអាមេរិកអាចនឹងប្រឈមមុខនឹងហានិភ័យខ្វះខាតអាវុធប្រើ ក្នុងករណីអាមេរិកត្រូវធ្វើសង្រ្គាម ឬមានជម្លោះ ដោយផ្ទាល់ណាមួយផ្សេងទៀត។

* សង្គ្រាមនយោបាយ និងអនាគត
បើតាមលោក Robert Hopkins បើទោះជាអាចនឹងមានគុណវិបត្តិខ្លះៗចំពោះ F-16 ក៏ពិតមែន តែសង្រ្គាមនយោបាយបានចាប់ផ្ដើមរួចទៅហើយ ហើយម្ខាងៗ សុទ្ធតែត្រូវការជ័យជម្នះ។ ម្លោះហើយការផ្ដល់យន្ដហោះចម្បាំង F-16 សម្រាប់អ៊ុយក្រែន បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការនយោបាយ និងការទូតដ៏មានថាមពល នៅក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺបណ្ដាប្រទេសជាសមាជិក NATO។ ចំណែក អ៊ុយក្រែនវិញក៏ត្រូវមានទស្សនវិស័យវែងឆ្ងាយផងដែរ។

សម្រាប់លោក Hopkins ទីក្រុងកៀវមិនអាចទទួលបានយន្ដហោះចម្បាំងលោកខាងលិចមកជំនួសយន្ដហោះចម្បាំងសម័យសូវៀតរបស់ខ្លួនឡើយ ដរាបណា ពួកគេ បង្ហាញភាពអស់សង្ឃឹម និងចាញ់នៅក្នុងសមរភូមិ។ លោកបន្ថែមថាសព្វថ្ងៃ អ៊ុយក្រែនមិនមានកងទ័ពអាកាសប្រយុទ្ធប្រកបដោយប្រសិទ្ធភាពទេ ដូច្នេះអ៊ុយក្រែន ត្រូវការយន្ដហោះចម្បាំងថ្មីៗ ដើម្បីអនាគតកងកម្លាំងការពារដែនអាកាស ហើយការផ្លាស់ប្ដូរទៅជាកងកម្លាំងយន្ដហោះចម្បាំងលោកខាងលិច គឺជារឿងសមហេតុផលបំផុត។

យ៉ាងណាក៏ដោយ អ្នកវិភាគរូបនេះយល់ថាការផ្ដល់យន្ដហោះចម្បាំង F-16 ឱ្យអ៊ុយក្រែន នឹងលើកកម្ពស់សីលធម៌ ក៏ដូចបន្ថែមសមត្ថភាពប្រយុទ្ធ តែយន្ដហោះចម្បាំង តែមួយមុខ នឹងមិនអាចកែប្រែទិសដៅសង្រ្គាម ឬបញ្ចប់សង្រ្គាមភ្លាមៗនោះទេ៕