(តូក្យូ)៖ យោងតាមប៉ូលីសក្នុងតំបន់បានឱ្យដឹងថា ការបាញ់ប្រហារដ៏កម្រមួយនៅក្នុងប្រទេសជប៉ុន បានបណ្តាលឱ្យមនុស្សបីនាក់ស្លាប់ក្នុ ងនោះមានមន្ត្រីប៉ូលីសពីរនាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍​ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

ប៉ូលិស​បាន​ទទួល​ទូរសព្ទ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ជាមួយ​នឹង​សេចក្តី​រាយការណ៍​ថា «បុរស​ម្នាក់​បាន​ចាក់​ស្ត្រី​ម្នាក់»។ ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ បុរសជនសង្ស័យ​រូប​នេះ​បាន​បាញ់​​ប្រហារលើ​មនុស្ស​៤​នាក់ មុន​ពេល​រត់​គេច​ពី​កន្លែង​កើត​ហេតុ ហើយលាក់ខ្លួន​នៅ​ក្នុង​អគារ​មួយ។

ស្ត្រី​រងគ្រោះខាងលើត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ហើយ​ត្រូវ​បាន​គេ​ប្រកាស​ថា​បានស្លាប់នៅទីនោះ។

សារព័ត៌មាន NHK ក្រោយមកបានរាយការណ៍ថា មន្ត្រីប៉ូលិសពីរនាក់ក៏បានស្លាប់ដោយសាររបួសរបស់ពួកគេ និងម្នាក់ទៀតរងរបួសផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អាជ្ញាធរក្រុង Nakano បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនឱ្យស្ថិតនៅក្នុងផ្ទះ។

គួរបញ្ជាក់ថា នៅ​ប្រទេស​ជប៉ុន​ដែល​ជា​ប្រទេស​មាន​ប្រជាជន​១២៥​លាន​នាក់ អំពើ​ហិង្សា​ដោយ​កាំភ្លើង​គឺ​ជាករណីកម្រ​ណាស់។ ដោយសារតែច្បាប់គ្រប់គ្រងកាំភ្លើងដ៏តឹងរ៉ឹងរបស់ប្រទេសនេះ ខណៈអត្រាឧក្រិដ្ឋកម្មកាំភ្លើងមានទាបបំផុតមួយក្នុងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងឃាតកម្មអតីតនាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន៕