(ហាណូយ)៖ ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ (២៥ ឧសភា) បានចោទប្រកាន់នាវាស្រាវជ្រាវរបស់ចិនថា​ បានរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ហើយបានទាមទារឱ្យទីក្រុងប៉េកាំងបញ្ជៀសនាវាទាំងនោះ ចេញពីដែនទឹករបស់ខ្លួនជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

វៀតណាម និងចិនបានជាប់គាំងជាយូរមកហើយ នៅក្នុងជម្លោះដែនទឹកដ៏សំបូរធនធានធម្មជាតិ ក្នុងសមុទ្រចិនខាងត្បូងដែលជាផ្លូវទឹកយុទ្ធសាស្ត្រ ដែលឆ្លងកាត់ពាណិជ្ជកម្មក្នុងតម្លៃជាង ៣ពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Pham Thu Hang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថា «វៀតណាមទាមទារឱ្យចិនដកនាវាស្រាវជ្រាវ Xiang Yang Hong 10 នាវាឆ្មាំសមុទ្រចិន និងនាវានេសាទចេញពីដែនទឹករបស់ខ្លួនបន្ទាន់»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «វៀតណាមបានទាក់ទងប្រទេសចិនជាច្រើនដង ហើយបានអនុវត្តវិធានការស្របតាមច្បាប់អន្តរជាតិ និងច្បាប់វៀតណាម ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម»។

ទោះជាយ៉ាងណា ស្ថានទូតចិននៅទីក្រុងហាណូយមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។

កាល​ពី​សប្តាហ៍​មុន ប្រទេស​វៀតណាម​បាន​រិះគន់​ទង្វើ​ថ្មីៗ​របស់​កប៉ាល់​ស្រាវជ្រាវ​របស់​ចិន​នៅ​ក្នុង​តំបន់​ដដែល​នៃ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ (EEZ) របស់​ប្រទេស​អាស៊ីអាគ្នេយ៍ ខណៈចិនបាននិយាយថា ការស្រាវជ្រាវវិទ្យាសាស្ត្រគឺជាសកម្មភាពធម្មតានៅក្នុងតំបន់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន។

ប្រទេសចិនបានទាមទារស្ទើរតែទាំងស្រុង នៃសមុទ្រចិនខាងត្បូងថាជាទឹកដីរបស់ខ្លួន ដោយផ្អែកលើអ្វីដែលផែនទីចាស់និយាយ រួមទាំងដែនទឹកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម និងប្រទេសចំនួនបួនផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ផងដែរ៕