(ប៉េកាំង)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) នឹងជួបរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រីម៉ុនដូ (Gina Raimondo) នៅថ្ងៃព្រហស្បតិ៍នេះ ខណៈលោកកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី APEC ឆ្នាំ ២០២៣ ដែលធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

លោកស្រី ស៊ូ ជេអ៉ីធីង (Shu Jueting) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំង យ៉ាងដូច្នេះថា «ភាគីចិននឹងផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងចិន-អាមេរិក និងបញ្ហានៃក្តីកង្វល់រួម»។ កាលពីដើមសប្តាហ៍នេះ លោក វ៉ាង វិនតាវ បានជួបភាគីក្រុមហ៊ុនអាមេរិកធំៗមួយចំនួននៅឯទីក្រុងសៀងហៃ ដោយនៅក្នុងជំនួបនោះ លោក វ៉ាង ប្រាប់ពួកគេថា «ប្រទេសចិននឹងបន្តស្វាគមន៍សហគ្រាស ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍក្នុងប្រទេសចិន និងសម្រេចបាននូវលទ្ធផលឈ្នះ ឈ្នះ»

គួរបញ្ជាក់ថា ដំណើរទៅកាន់សហរដ្ឋអាមេរិករបស់លោក វ៉ាង កើតមានឡើងបន្ទាប់ពីមេដឹកនាំក្រុមប្រទេស G7 បានជួបប្រជុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងមេដឹកនាំ G7 ផ្សេងទៀត បានផ្តោតគោលដៅលើប្រទេសចិនជុំវិញ «ការរឹតត្បិតខាងសេដ្ឋកិច្ច»

លោក វ៉ាង កាលពីដើមខែឧសភានេះ ក៏បានជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិន លោក នីកូឡាស់ បឺនស៍ (Nicholas Burns) នៅទីក្រុងប៉េកាំង ដែលអាចត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់មន្ត្រីអាមេរិកកំពូលៗ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីនខិន បានពន្យារពេលទស្សនកិច្ចកាលពីខែកុម្ភៈ ជុំវិញករណីបាឡុងចិនត្រូវអាមេរិកបាញ់ទម្លាក់៕