(ឡុងដ៏)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសឲ្យដឹងថា ក្រុមពីឡុតអ៊ុយក្រែនប្រហែល ២០នាក់នឹងចូលហ្វឹកហ្វឺនប្រើប្រាស់យន្តហោះចម្បាំង F-16 ជាលើកដំបូងនៅឯចក្រភពអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស បានគូសបញ្ជាក់ក្នុងសេចក្តីរាយការណ៍នោះថា «នេះនឹងក្លាយជាការហ្វឹកហ្វឺនជាមូលដ្ឋាន របស់ពីឡុតអ៊ុយក្រែន ដែលបន្ទាប់មកនឹងត្រៀមខ្លួនសម្រាប់ការបើក F-16 ឬការហ្វឹកហាត់ផ្សេងៗទៀត»។ យ៉ាងនេះក្តី មិនមានការលម្អិតថាការបណ្តុះបណ្តាល នឹងចាប់ផ្តើមនៅពេលណានោះទេ។ ថ្មីៗនេះ អ្នកនាំពាក្យរបស់ លោក រីស៉ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្តីអង់គ្លេស ធ្លាប់បានប្រាប់ TASS ឲ្យដឹងថា ចក្រភពអង់គ្លេសប្តេជ្ញាជួយដល់ការធ្វើប្រតិបត្តិការ តាមផ្លូវអាកាស សម្រាប់អ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា លោកខាងលិចនឹងចាប់ផ្តើម បណ្តុះបណ្តាលពីឡុតអ៊ុយក្រែន លើប្រភេទយន្តហោះជំនាន់ទី ៤ រួមទាំង F-16 ផងដែរ។ បើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ទីក្រុងវ៉ាស៊ីនតោននឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ថាតើប្រទេសណានឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ទីក្រុងកៀវ៕