(កូឡុំបូ)៖ ប្រធានាធិបតិស្រីលង្កា លោក រ៉ានីល វ៉ិកក្រេម៉េស៉ីងហេ (Ranil Wickremesinghe) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ស្រីលង្កាគួរតែអាចបញ្ចប់ការចរចាស្តីពីការរៀបចំ រចនាសម្ព័ន្ធបំណុលដែលទើបនឹងចាប់ផ្តើមនេះ បាននៅកំលុងខែកញ្ញា ឬចុងខែវិច្ឆិកា ដោយពេលនេះកិច្ចចរចាមានដំណើរការ «គួរឲ្យកត់សម្គាល់»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

ស្រីលង្កាទទួលបានថវិកាសង្គ្រោះចំនួន ២.៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីខែមីនា ប៉ុន្តែត្រូវតែរៀបចំក្របខណ្ឌ នៃការរៀបចំរចនាសម្ព័ន្ធបំណុលនៅខែកញ្ញា ដើម្បីអនុវត្តកម្មវិធីទៅមុខ ឬត្រៀមទុកជាមុនករណីមានហានិភ័យ ដែលធ្វើឲ្យប៉ះពាល់ដល់ ការស្ទុះងើបនៃសេដ្ឋកិច្ច។

ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី វ៉ិកក្រេម៉េស៉ីងហេ បានធ្វើឡើងនៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) នៅទីក្រុងតូក្យូ។ លោក វ៉ិកក្រេម៉េស៉ីងហេ បានគូសបញ្ជាក់ថា «យើងបានឈានទៅមុខ គួរឲ្យកត់សម្គាល់ក្នុងពេលពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធបំណុល ដែលគួរឲ្យបារម្ភ។ យើងគួរតែអាចបញ្ចប់កិច្ចចរចានេះ នៅកំលុងខែកញ្ញា ឬចុងខែវិច្ឆិកា»

គួរបញ្ជាក់ថា កិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីជប៉ុនជាមួយប្រធានាធិបតីស្រីលង្កា ដែលជាលើកទីមួយសម្រាប់មេដឹកនាំទាំងពីរ គិតចាប់តាំងពីខែកញ្ញាឆ្នាំ ២០២២ ទំនងជាមិនបង្កើតគំនិតផ្តួចផ្តើមថ្មីនោះទេ ប៉ុន្តែភាគីទាំងពីរនឹងចាប់យកកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ៕