(សេអ៊ូល)៖ កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះថា គ្រាប់កាំភ្លើងធំរាប់សែនគ្រាប់របស់​ប្រទេសកូរ៉េខាងត្បូង កំពុងស្ថិតក្រោមការដឹកជញ្ជូនឆ្ពោះទៅកាន់អ៊ុយក្រែនតាមសហរដ្ឋអាមេរិក បន្ទាប់ពីកំលុងពេលដំបូងៗទីក្រុងសេអ៊ូល បានប្រកាន់ជំហរជំទាស់នឹង ការជួយបំពាក់អាវុធឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

កាសែតអាមេរិកខាងលើ ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ បាននិយាយថា ទីក្រុងសេអ៊ូលសម្រេចបានកិច្ចព្រមព្រៀងសម្ងាត់​មួយ ជាមួយទីក្រុងវ៉ាស៉ីនតោន ដើម្បីបញ្ជូនគ្រាប់កាំភ្លើងធំទាំងនោះទៅកាន់សហរដ្ឋអាមេរិក ដែលនឹងត្រូវប្រគល់បន្តឱ្យអ៊ុយក្រែន បន្ទាប់ពី​ទីក្រុងវ៉ាស៉ីនតោន បានស្នើសម្ព័ន្ធមិត្តអាស៉ីរបស់ខ្លួនកាលពីឆ្នាំមុន សម្រាប់ការគាំទ្រផ្នែកគ្រាប់រំសេវ។ អ្នកនាំពាក្យក្រសួងការពារជាតិរបស់​កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កន្លងមកក្រសួងបានពិភាក្សាជាមួយមន្ទីរបញ្ចកោណ ជុំវិញការនាំចេញគ្រាប់រំសេវ ប៉ុន្តែ​លោកថា មានចំណុចមិនត្រឹមត្រូវមួយចំនួន នៅក្នុងសេចក្តីរាយការណ៍របស់កាសែត WSJ ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅអាស៉ី និងជាប្រទេសផលិតគ្រាប់កាំភ្លើងធំដ៏ធំមួយ មកទល់ពេលនេះ បានប្រកាន់ជំហរប្រឆាំងនឹង ការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ក្រោមហេតុផលខ្លួនមានទំនាក់ទំនងធុរកិច្ចជាមួយរុស្ស៉ី ហើយនិងឥទ្ធិពលរបស់ទីក្រុងមូស្គូលើកូរ៉េខាងជើង បើទោះបីជារងសម្ពាធពីទីក្រុងវ៉ាស៉ីនតោន និងក្រុមប្រទេសអឺរ៉ុប ឱ្យធ្វើយ៉ាងដូច្នោះក៏ដោយ។

ក្នុងបទសម្ភាសន៍មួយជាមួយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានឱ្យសញ្ញាពីលទ្ធភាព នៃការផ្លាស់ប្តូរគោលជំហរនេះ ដោយនិយាយថា វាប្រហែលជានឹងពិបាកសម្រាប់ឱ្យ ទីក្រុងសេអ៊ូលនៅបន្ត​ផ្តល់តែការគាំទ្រផ្នែកមនុស្សធម៌និងហិរញ្ញវត្ថុ ប្រសិនបើអ៊ុយក្រែនទទួលរង ការវាយប្រហារទ្រង់ទ្រាយធំលើជនស៉ីវិល ឬក៏ស្ថានការណ៍មួយ ដែលសហគមន៍អន្តរជាតិមិនអាចអត់ឱនឱ្យបាន៕