(វ៉ាស៊ីនតោន)៖ ដំណោះស្រាយរកការបញ្ចៀសវិបត្តិបំណុលថវិកាក្នុងសហរដ្ឋអាមេរិកនៅតែបន្តក្នុងភាព ទ័លច្រក។ បើសិនជាវិបត្តិនេះ នឹងអូសបន្លាយដល់ថ្ងៃទី១មិថុនា ខាងមុខនេះ, ភាពខ្ទេចខ្ទាំមួយនៃដំណើរការសេដ្ឋកិច្ចពិភពលោកនឹងត្រូវជួបប្រទះមិនខានឡើយ ហើយគេមិនអាចនឹងធ្វើការប៉ះប៉ូវឬជួសជុលវិញបានក្នុងរយៈពេលដ៏ខ្លីបានឡើយ។

រដ្ឋាភិបាលសហព័ន្ធអាមេរិកនឹងត្រូវប្រឈមបញ្ហាការព្យួរការងាររបស់ខ្លួនតាមកន្លែងជាច្រើន ឬអាចគាំងដំណើរការបើសិនជាកិច្ចពិភាក្សាគ្នាដោះស្រាយការតម្លើងប្រាក់លើសពី ពិតានបំណុលបច្ចុប្បន្ន មិនអាចរកច្រកទម្លុះចេញបានទេ។ រយៈពេលនៃកិច្ចពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហាវិបត្តិថវិកានេះ នឹងមានរហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣…ហើយបើសិនជាមិនអាចដោះស្រាយបានទៀតនោះទេ, រដ្ឋាភិបាលសហព័ន្ធនឹងត្រូវអស់ថវិការបស់ខ្លួនក្នុងការចំណាយលើកិច្ចការងារនានាសម្រាប់ដំណើរការក្នុង រដ្ឋាភិបាលសហរដ្ឋអាមេរិក។ បើសិនជាមានការដួលរលំដំណើរកិច្ចការងាររដ្ឋាភិបាលសហព័ន្ធមែន នោះវិបត្តិសេដ្ឋកិច្ចនឹងត្រូវជះឥទ្ធិពលមកលើទីផ្សារធំៗរបស់សកលលោក និងឥទ្ធិពលនៃវិបត្តិនោះ នឹងបន្តធ្លាក់មក លើបណ្តាប្រទេសនានាទាំងឡាយ ដែលធ្វើជំនួញជាមួយនឹងសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក បានកំណត់ការចាយវាយរបស់ខ្លួនមិនឱ្យលើសពីអ្វីដែលរដ្ឋាភិបាលនឹងអាចខ្ចីបានឡើយ ដែលនោះត្រូវបានគេហៅថាពិតានបំណុល។ ពិតានបំណុល Debt Ceiling នោះ បានកំណត់ទំហំចំណាយ ៣១ក្បៀស៤ទ្រីលានដុល្លារ ដើម្បីការចំណាយក្នុងរដ្ឋាភិបាលសហព័ន្ធ ប៉ុន្តែរដ្ឋបាលលោក ចូ បៃដិន ដែលមានដៃទូលាយខ្លាំង លើការចំណាយថវិកាយោធានៅក្រៅប្រទេស ជាពិសេសការជួយជំនួយយោធាដល់អ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ីនោះ ការចំណាយបានលើសពីការកម្រិតទុក។ រដ្ឋបាលលោក ចូ បៃដិន បានស្វែងរកការចំណាយថវិកាលើសពីការកំណត់៣១ក្បៀស៤ទ្រីលានដុល្លារនេះ ប៉ុន្តែស្ថាប័នសភាតំណាងរាស្ត្រដែលមានអំណាចលើការគ្រប់គ្រងថវិកា មិនយល់ព្រមតាមការចង់បាន របស់រដ្ឋបាលលោក ចូ បៃដិន នោះឡើយ។ នេះជាមូលហេតុនៃការនាំឱ្យមានភាពទ័លច្រក។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានព្រមានសភានៅក្នុងលិខិតមួយ កាលពីថ្ងៃចន្ទ ទី២២ ខែឧសភាថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រហែលជាមិនអាច បង់វិក្កយបត្ររបស់ខ្លួនបានទេនៅក្នុងរយៈពេលជាងមួយសប្តាហ៍ទៅមុខ ឬថារហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ប្រសិន បើស្ថាប័នសភាតំណាងរាស្ត្រមិនធ្វើសកម្មភាព ដើម្បីដំឡើង ឬព្យួរពិតានបំណុលនោះទេ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានសភា លោក Kevin McCarthy បានជួបប៉ុន្មានដងរួចមកហើយ ដើម្បីការចរចារកកិច្ចព្រមព្រៀងបង្កើនកម្រិតពិតានបំណុលនោះ ប៉ុន្តែបើទោះបីជាភាគីទាំងសងខាងបាននិយាយថាកិច្ចពិភាក្សាមានការរីកចំរើនទៅមុខល្អយ៉ាងណាក៏ដោយ ចំណុចទ័លច្រកនៅតែបន្តនិងភាគីទាំង២មិនអាចព្រមព្រៀងជាមួយគ្នា បានទាំងស្រុងឡើយ។ ការជួបប្រជុំសាជាថ្មីមួយបានធ្វើកាលពីដើមសប្តាហ៍នេះបន្ទាប់ពី លោកចូបៃដិនទើបបានវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំ G7 ក្នុងប្រទេសជប៉ុន។

លោក ចូ បៃដិន បានថ្លែងថា «យើងមានសុទិដ្ឋិនិយម… កិច្ចប្រជុំរបស់យើងមានការរីកចំរើន ដោយសារយើងទាំង២បានយល់ស្របថាមិនឱ្យមានការដួលរលំសេដ្ឋកិច្ច ដោយសារតែការចរចាគ្នានេះឡើយ»។ ប៉ុន្តែលទ្ធផលកិច្ចប្រជុំកាលពីថ្ងៃចន្ទនោះ មិនអាចឈានដល់កិច្ចព្រមព្រៀងគ្នាបានឡើយ។ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy បានដាក់សម្ពាធឲ្យរដ្ឋាភិបាល លោក ចូ បៃឌិន ត្រូវកាត់បន្ថយសម្រាប់ការចំណាយលើរដ្ឋាភិបាលសហព័ន្ធ។ លោកប្រធានាធិបតី ចូ បៃដិន បានចាត់ទុកសំណើ កាត់បន្ថយចំណាយនោះថាជ្រុលហួសហេតុ និងលោកប្រធានាធិបតីអាមេរិក បានជំរុញឲ្យមានការដាក់ពន្ធថ្មីៗទៅលើអ្នកមានទ្រព្យធន ប៉ុន្តែ លោក Kevin McCarthy បានបដិសេធ ។ ទោះជាយ៉ាងណាក្តី លោក Kevin McCarthy បានហៅការ ជួបពិភាក្សាដែលគ្មានលទ្ធផលនោះ ថាជាការជួបដែលផ្តល់ផ្លែផ្កា។

លោក Kevin McCarthy បានថ្លែងថា «ខ្ញុំគិតថាជំនួបគ្នានេះមានភាពល្អជាផ្លែផ្កាជាងការជួបប្រជុំគ្នានាពេលណាៗដែលធ្លាប់មានពីមុនមកនេះ បើទោះបីជាយើងនៅមានបញ្ហាខ្លះ ដែល មិនទាន់មានការចុះសម្រុងគ្នាក៏ដោយ»។ ភាពមិនចុះសម្រុងគ្នានោះ គឺថាតើរដ្ឋាភិបាលសហព័ន្ធនឹងត្រូវចំណាយលុយដោយរបៀបណា? តើរដ្ឋាភិបាលសហព័ន្ធ នឹងត្រូវចំណាយលុយទៅលើអ្វីខ្លះ? និងអ្វីដែលសំខាន់នោះ គឺស្ថាប័នសភាមិនយល់ស្របលើការចំណាយជាង៤ទ្រីលានដុល្លារ ដែលគេចាំបាច់ត្រូវតែកាត់ចេញ ប៉ុន្តែរដ្ឋបាល លោក ចូ បៃដិន បានបដិសេធមិនព្រមតាមការស្នើរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិកនោះឡើយ។ លោក ចូ បៃដិន បានហៅទង្វើរបស់លោក Kevin McCarthy ថាហួសហេតុ និងលោកប្រធានាធិបតី បានថ្លែងអំពាវនាវឱ្យបញ្ឈប់វិញនូវទង្វើហួសហេតុនោះដោយបញ្ជាក់ថាលោកមិនអាចទទួលយកបានឡើយ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានរងការរិះគន់ថា រដ្ឋបាលរបស់លោកបានចំណាយច្រើនណាស់លើបញ្ហាកិច្ចការពារជាតិអាមេរិក។ រដ្ឋបាលលោក ចូ បៃដិន បានរងការ រិះគន់ការចំណាយខ្ជះខ្ជាយក្នុងការជួយជួយប្រទេសអ៊ុយក្រែនក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ លោក ចូ បៃដិន ក្នុងពេលដែលរដ្ឋាភិបាលសហព័ន្ធកំពុងមានវិបត្តិលើ បញ្ហាចំណោទថវិកា ទៅហើយនេះ លោកឆ្លៀតធ្វើការសន្យាផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក្នុងកិច្ចប្រជុំ G7 ដែលទើបនឹងបញ្ចប់ថ្មីៗនេះក្នុងប្រទេសជប៉ុន នូវថវិកា៣៧៥លានដុល្លារបន្ថែមទៀត។

គិតមកត្រឹមថ្ងៃពុធ ទី២៤ ខែឧសភានេះ, ពេលវេលាសម្រាប់ដល់ស្រាយលើវិបត្តិថវិកាក្នុងសហរដ្ឋ អាមេរិកនេះ នៅមិននៅសល់ច្រើនថ្ងៃទៀតនោះទេ។ រយៈពេលដោះស្រាយនៅ សល់ ប្រមាណតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ គិតរហូតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។ លោក Kevin McCarthy នៅពេលដែលមានសំណួរចង់ដឹងពីក្រុមអ្នកសារព័ត៌មានថាតើ នឹងត្រូវដោះស្រាយបញ្ហានេះដោយរបៀបណា? លោកបានឆ្លើយថា «ថ្ងៃទី១ ខែមិថុនា» ដែលជាថ្ងៃចុងក្រោយបំផុត នៃដំណើរការត្រូវជាប់គាំងកិច្ចការរដ្ឋាភិបាលសហព័ន្ធ អាមេរិក។ ក្រុមជំនាញសេដ្ឋកិច្ចអាមេរិក បានថ្លែងបង្ហាញភាពក្តៅក្រហាយដែលសហរដ្ឋអាមេរិកបានដើរមកដល់ចំណុចភាពទ័លច្រក មិនអាចដោះស្រាយនេះ។ អ្នកជំនាញសេដ្ឋកិច្ចអាមេរិក លោក Jeff Tomasulo បានប្រៀបប្រដូចស្ថានការណ៍ទ័លច្រកនេះថា សហរដ្ឋអាមេរិកកំពុងចាក់ល្បែងរ៉ូឡែតរុស្ស៊ីដោយប្រើកាត ក្រេឌីតជំពាក់របស់សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក បានលេងល្បែងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីដោយការចំណាយលុយអស់ជាច្រើនសន្ធឹកសន្ធាប់។ យោងតាមប៊ីប៊ីស៊ី គិតត្រឹមក្នុងឆ្នាំ២០២២, សភាអាមេរិកបានជួយ សម្របសម្រួលការចំណាយលើអ៊ុយក្រែនមានប្រមាណជាង១១២ពាន់លានដុល្លាររួចមកហើយ។ ការចំណាយដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ីនោះ ត្រូវគេរំពឹងថា នឹងមិនបញ្ចប់ ត្រឹមទំហំជាង១០០ពាន់លានប៉ុណ្ណោះទេ ប៉ុន្តែការចំណាយនេះបានធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែផុងខ្លួនកាន់តែជ្រៅទៅៗក្នុងសង្គ្រាមដែលមិនអាចដោះស្រាយ តាមការចរចាគ្នាបានឡើយ៕