(ប្រាស៊ីលីយ៉ា)៖ ប្រមុខការទូតចក្រភពអង់គ្លេស នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាប្រទេសប្រេស៊ីល គួរតែមានទឹកមាត់ប្រៃនៅក្នុងកិច្ចការពិភពលោក ក្នុងនោះរួមមានទាំង កៅអីជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

លោក James Cleverly រដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស ធ្វើការកត់សម្គាល់ខាងលើ នៅឯសនិ្នសីទសារព័ត៌មានមួយក្នុងទីក្រុងប្រាស៊ីលីយ៉ា នាឱកាស បំពេញទស្សនកិច្ចក្នុងប្រទេសប្រេស៊ីល ដែលជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅប្រទេសក្នុងតំបន់អាមេរិកឡាទីន រយៈពេល៩ឆ្នាំមកនេះ។ ប្រេស៊ីល ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេ និងមានប្រជាជនច្រើនជាងគេក្នុងតំបន់អាមេរិកឡាទីន បានស្នើសុំជាយូរណាស់មកហើយដើម្បីក្លាយជាសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខ តែធ្លាប់ត្រូវបានរារាំងដោយសមាជិកអចិន្ត្រៃយ៍ទាំង៥ គឺ សហរដ្ឋអាមេរិក រុស្ស៉ី ចិន ចក្រភពអង់គ្លេស និងបារាំង។

យ៉ាងណាក៏ដោយ លោក James Cleverly បានសង្កត់ធ្ងន់ថាប្រេស៊ីល បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការប្រែប្រួលនៃសណ្ដាប់ធ្នាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី ហើយថាចក្រភពអង់គ្លេស អះអាងជាថ្មីពីការគាំទ្ររបស់ខ្លួន ចំពោះមហិច្ឆតារបស់ប្រេស៊ីលដែលចង់បានអាសនៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ UN៕