(ប៉េកាំង)៖ នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីចិនបានលើកសរសើរ អំពីភាពជាដៃគូកសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងទីក្រុងប៉េកាំងនិង​ទីក្រុងមូស្គូ នៅពេលលោកបានជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីរុស្ស៉ី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ខណៈភាគីទាំងពីរ ត្រូវគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ស្តីពីវិស័យសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីរុស្ស៉ី លោក មីឃែល មីស៊ូស្ទីន (Mikhail Mishustin) បានមកដល់ប្រទេសចិន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយបានចូលរួមក្នុងវេទិកាធុរកិច្ចមួយ នៅទីក្រុងសៀងហៃ កាលពីថ្ងៃអង្គារ មុនពេលធ្វើដំណើរមកកាន់រដ្ឋធានីប៉េកាំង ដើម្បីជួបជាមួយ​នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង (Li Qiang) និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង។

ក្រោយពិធីទទួលស្វាគមន៍នៅក្រៅវិមានប្រជាជនចិន លោក លី បានប្រាប់លោក មីស៊ូស្ទីន នាថ្ងៃពុធនេះថា «នៅក្រោមការដឹកនាំជា​យុទ្ធសាស្រ្ត នៃប្រមុខរដ្ឋរបស់ប្រទេសយើងទាំងពីរ ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងចិននិងរុស្ស៉ី នៅក្នុងយុគសម័យថ្មី ត្រូវបាន​រក្សាឱ្យស្ថិតនៅកម្រិតខ្ពស់ជាប់រហូតមក។ ខ្ញុំជឿថា ដំណើរទស្សនកិច្ចរបស់អ្នកនៅចិនលើកនេះ ច្បាស់ជាបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងស៉ីជម្រៅមួយ»

យោងតាមទិន្នន័យគយចិន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់រុស្ស៉ី ដោយការធ្វើពាណិជ្ជកម្មទ្វេភាគី បានឈានដល់ទំហំ១៩០ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ ដែលជាកំណត់ត្រាថ្មីមួយ។ នៅថ្ងៃពុធនេះ លោក លី ក៏បានកត់សម្គាល់ផងដែរថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ២០២៣ គឺបានឈានដល់ ៧០ពាន់លានដុល្លារ រួចស្រេចទៅហើយ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ បានប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការទូតរវាងគ្នា ហើយចំណងទាក់ទង បាននិងកំពុងកាន់តែជិតស្និទ្ធខ្លាំងថែមទៀត ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន បើទោះបីជាចិន​បានទទូចថា ខ្លួនប្រកាន់ជំហរអព្យាក្រឹត នៅក្នុងជម្លោះនេះក៏ដោយ។ លោក មីស៊ូស្ទីន គឺជាមន្រ្តីជាន់ខ្ពស់បំផុតរបស់រុស្ស៉ី ដែលបានមក​បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕