(តូក្យូ)៖ នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បាននិយាយថា ប្រទេសរបស់លោក មិនមាន​គម្រោងក្លាយជាសមាជិករបស់អង្គការណាតូ (NATO) ប៉ុន្តែលោកបានទទួលស្គាល់ ផែនការរបស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ស្តីពីការបើកការិយាល័យទំនាក់ទំនង នៅជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងក្នុងកិច្ចប្រជុំសភាមួយនាថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងដូច្នេះថា «ខ្ញុំមិនទាន់ដឹងច្បាស់ថា មានការសម្រេចចិត្តណាមួយនៅឡើយទេ» នៅអង្គការណាតូ ពាក់ព័ន្ធផែនការបង្កើតការិយាល័យក្នុងប្រទេសជប៉ុន ហើយលោកបានបន្ថែមថា ប្រទេសរបស់លោកមិនមានគម្រោងចង់ចូលរួមក្នុងណាតូ នៅក្នុងនាមជារដ្ឋសមាជិកពេញលេញ ឬមិនពេញលេញនោះឡើយ។

ការគូសបញ្ជាក់ដូចខាងលើរបស់លោក គីស៉ីដា កើតមានឡើង បន្ទាប់ពីក្នុងខែឧសភានេះ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិក បានអះអាងថា អង្គការណាតូ ដែលដឹកនាំដោយទីក្រុងវ៉ាស៉ីនតោន កំពុងមានផែនការបើកការិយាល័យមួយនៅទីក្រុងតូក្យូ ដែលនឹងក្លាយ​ជាការិយាល័យណាតូដំបូងបង្អស់ប្រចាំនៅអាស៉ី ដើម្បីជួយសម្របសម្រួលដល់ការប្រឹក្សាពិគ្រោះយោបល់ នៅក្នុងតំបន់នេះ៕