(មូស្គូ)៖ មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានធ្វើដំណើរចាកចេញទៅក្រៅប្រទេសដើម្បីរកការជួយគាំទ្រជាអន្តរជាតិនៅមុនយុទ្ធនាការវាយបកដាក់លើកម្លាំងរុស្ស៊ី ដែលត្រៀមនឹង ចាប់ផ្តើម ក្នុងពេលខាងមុខនេះ។ ចំណែកពីខាងទឹកដីដែលរុស្ស៊ីបានគ្រប់គ្រងត្រូវគេរាយការណ៍ថា ហាក់បីដូចជាត្រៀមលក្ខណៈរបស់ខ្លួនរួចជាស្រេច។

បន្ទាប់ពីដំណើររបស់មេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចេញទៅក្រៅប្រទេស ដើម្បីស្វែងរកការគាំទ្រពីអន្តរជាតិនោះមក ចំហាយនៃកំសួលត្រៀមបើកយុទ្ធនាការវាយបក ដាក់លើទាហានរុស្ស៊ីនាភាគខាងកើតប្រទេស ក៏កាន់តែរំកិលមកកៀកជាលំដាប់។ ការវាយលុកទ្រង់ទ្រាយធំរបស់អ៊ុយក្រែនក្នុងពេលខាងមុខនេះ គឺជាការវាយលុកដោយប្រើប្រាស់ អាវុធយុទ្ធភណ្ឌ និងល្បិចយុទ្ធសាស្ត្ររបស់ក្រុមប្រទេសលោកខាងលិចទាំងអស់ ខណៈដែលរុស្ស៊ីដែលធ្លាប់មានជ័យជម្នះលើសង្គ្រាមលោកលើកទី២ បានត្រៀមលក្ខណៈនៃក្បួនសឹក របស់ខ្លួនវិញទាំងអស់ ក្នុងការត្រៀមទប់ទល់។ នៅមុនសឹកសង្គ្រាមធំដែលត្រៀមនឹងផ្ទុះនា ពេលខាងមុខ, រូបភាពរៀបចំត្រៀមខ្លួនរបស់ប្រព័ន្ធការពាររុស្ស៊ី ក៏ត្រូវបានគេថតពីលើអាកាស តាមរយៈ ផ្កាយរណបបានថែមទៀត។ ប៊ីប៊ីស៊ី បានធ្វើការវិភាគតាមរូបភាពមួយចំនួនតាមរយៈ ប្រព័ន្ធផ្កាយរណប ថតពីលើផ្ទៃអាកាស ជុំវិញការត្រៀមយុទ្ធសាស្ត្រទប់ទល់របស់រុស្ស៊ី ដែល មានយ៉ាងហោចក្នុងទីតាំងធំៗចំនួន៤។

១. តំបន់ឆ្នេរខាងលិចគ្រីមៀ

តំបន់ឆ្នេរនេះ គឺជាផ្នែកមួយដែលអ៊ុយក្រែនបានអះអាងថាជាទឹកដីរបស់ខ្លួនដែលរុស្ស៊ីបានដណ្តើមយកក្នុងឆ្នាំ២០១៤។ តំបន់ឆ្នេរដែលធ្លាប់តែជាទីកន្លែងសម្រាប់អ្នកទេសចរណ៍ងូតទឹក កម្សាន្ត និងដេកអាំងថ្ងៃលើឆ្នេរខ្សាច់លាតសន្ធឹងប្រមាណ ២៥គីឡូម៉ែត្រ នឹងក្លាយជាសមរភូមិ បង្ហូរឈាមវិញបើសិនជាការវាយលុករបស់អ៊ុយក្រែនប៉ុនប៉ងដណ្តើមយកទឹកដីនៃតំបន់គ្រីមៀរ នោះ។ ទាហានរុស្ស៊ីនាពេលនេះ បានរៀបចំរចនាសម្ព័ន្ធការពាររបស់ខ្លួនយ៉ាងរឹងមាំនៅតាមបណ្តោយរមណីយ៍ដ្ឋានឆ្នេរសមុទ្ទនោះ។ យោងតាមប្រព័ន្ធផ្កាយរណប, នៅតាមបណ្តោយឆ្នេរនោះ គេបានរៀបចំយុទ្ធសាស្ត្រធ្មេញនាគ «Dragon Teeth» ដែលមានសណ្ឋានជារូបសាជីចាក់បេតុង សម្រាប់បិទផ្លូវ ធ្វើដំណើររបស់រថក្រោះ និងយានជំនិះយោធាផ្សេងៗទៀត។

នៅពីខាងក្រោយប្រព័ន្ធរៀបចំធ្មេញនាគ Dragon Teeth គឺជាខ្សែលេណដ្ឋាន Trench ដ៏វែងសម្រាប់ការពារខ្លួនទប់ទល់នឹង ការវាយលុកសម្រុកពីខាងក្រៅចូលមកខាងក្នុង។ តាមខ្សែ លេណដ្ឋាន មានការកសាងមូលដ្ឋានចាក់ បេតុង Bunker ជាច្រើនកន្លែងថែមទៀត។ ក្នុងរូបភាពមួយដែលគេបានថតតាំងពីខែ មីនាឆ្នាំ២០២៣, នៅតាមបណ្តោយឆ្នេរសមុទ្ទនោះ មានការរៀបចំដាក់បន្ទះឈើជាច្រើន, ម៉ាស៊ីនជីក ខួងដី និងការរៀបចំកន្លែងយុទ្ធសាស្ត្រធ្មេញនាគ បានធ្វើយ៉ាងខ្វាត់ខ្វែងដើម្បីការពារបង្កាការវាយលុកណាមួយរបស់ទាហានអ៊ុយក្រែន ដែលប្រើប្រាស់កម្លាំងជើងទឹកវាយសម្រុកឡើងពីសមុទ្ទបុកសម្តៅឡើងលើដីគោក។ ការវិភាគជុំវិញការរៀបចំយុទ្ធសាស្ត្ររបស់ទាហាន រុស្ស៊ី តាមតំបន់ឆ្នេរសមុទ្ទនេះ ត្រូវគេរាយការណ៍ថា គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៃការត្រៀមទប់ទល់ទុកជាមុន។

២.ប្រព័ន្ធការពារក្រុង Tokmak

ក្រុង Tokmak គឺជាទីក្រុងតូចមួយស្ថិតនៅលើផ្លូវសំខាន់នាភាគអាគ្នេយ៍ ដែលកម្លាំងអ៊ុយក្រែនអាចនឹងប្រើប្រាស់ដើម្បីវាយកាត់ផ្តាច់តំបន់គ្រីមៀ ចេញពីតំបន់កាន់កាប់នានាដែលរុស្ស៊ី កំពុង គ្រប់គ្រង។ សេចក្តីរាយការណ៍បានបង្ហាញថា ជនស៊ីវិលដែលរស់នៅទីនោះ ត្រូវបានគេបញ្ជូនចេញដើម្បីប្រែក្លាយទីក្រុងនេះទៅជាបន្ទាយយោធា។ ក្រុងនេះគឺជាកន្លែងមួយដែលផ្តល់លទ្ធភាព ជួយទាហានអាចទទួលបានការផ្គត់ផ្គង់ និងក៏ជាមូលដ្ឋានជួយទ័ពក្នុងពេលដែលមានការដកថយតាមក្បួនយុទ្ធសាស្ត្រ។ រូបភាពផ្កាយរណបបានបង្ហាញថាមានបណ្តាញលេណដ្ឋានចំនួនពីរខ្សែ ត្រូវបានជីកនៅភាគខាងជើងនៃទីក្រុង Tokmak ដែលជាទិសដៅមួយក្នុងការគិតថាទាហានអ៊ុយក្រែននឹងវាយប្រហារ សម្តៅមកទិសដៅភាគខាងជើងនោះ។

នៅពីក្រោយលេណដ្ឋានទាំងនេះ គឺជាខ្សែក្រវាត់ការពារមួយបន្ថែមទៀតរៀបចំការពារនៅកំពែងព័ទ្ធជុំវិញទីក្រុង ជាមួយនឹងខ្សែការពារចំនួនបីស្រទាប់ ដែលគេអាចមើលឃើញយ៉ាងច្បាស់នៅ ក្នុងរូបភាពផ្កាយរណបថតពីផ្ទៃអាកាស។ រូបភាពតាមរយៈផ្កាយរណបបានបង្ហាញនូវការជីកប្រឡាយដើម្បីទុកប្រឆាំងការធ្វើដំណើរ រុលមកខាងមុខរបស់រថក្រោះ។ ប្រឡាយជីកទាំងនោះ ជាធម្មតាមានជម្រៅយ៉ាងហោចណាស់២ ម៉ែត្រកន្លះដែលជារបាំងឧបសគ្គសម្រាប់ចាប់យករថក្រោះរបស់សត្រូវណាដែលព្យាយាមឆ្លងកាត់តំបន់នៅទីនោះ។ នៅពីក្រោយប្រឡាយជីក ដើម្បី ចាប់រថក្រោះរបស់សត្រូវ, ទាហានរុស្ស៊ីបានរៀបចំធ្មេញនាគជាច្រើនជួរ និងបណ្តាញលេណដ្ឋានមួយផ្សេងទៀត។ ក្រុមអ្នកវិភាគ សឹកសង្គ្រាមបាននិយាយថា បើសិនជាមានការវាយលុកមក តាមផ្លូវនេះ កងកម្លាំងអ៊ុយក្រែននឹងត្រូវប្រឈមចំពោះការដាក់អន្ទាក់ស្ទាក់ចាប់នេះជាមិនខានឡើយ។ សេចក្តីរាយការណ៍របស់សារព័ត៌មាន នៅបានសរសេរជុំវិញ ការដាក់ទន្ទាក់គ្រាប់មីនថែម ទៀត។ សេចក្តីរាយការណ៍ដកស្រង់សម្តីមន្ត្រីវិភាគផ្នែកយុទ្ធ សាស្ត្រនៃមជ្ឈមណ្ឌល Center for Strategic and International Studies របស់អាមេរិកដែលនិយាយថានឹងអាចមានការដាក់ បង្កៃគ្រាប់មីននៅចន្លោះខ្សែលេណដ្ឋានការពារទាំង៣របស់ក្រុង Tokmakថែមទៀត។

៣. ផ្លូវ Highway E105

សេចក្តីរាយការណ៍បានបង្ហាញថានៅលើកំណាត់ខ្សែផ្លូវ Highway E105 លាតសន្ធឹងចម្ងាយ ៣៥គីឡូម៉ែត្រ ដែលស្ថិតនៅភាគខាងលិចរបស់ក្រុង Tokmak មានការជីករណ្តៅនិងលេណ ដ្ឋាន។ ផ្លូវហាយវ៉េ E105 គឺជាផ្លូវសំខាន់ជាយុទ្ធសាស្ត្រ ដែលតភ្ជាប់ទីក្រុង Melitopol គ្រប់គ្រង ដោយរុស្ស៊ីនាភាគខាងត្បូង បន្តមកជាមួយទីក្រុង Kharkiv ភាគខាងជើង ដែលអ៊ុយក្រែនកាន់ កាប់។ នៅតាមផ្លូវដដែលនោះ គឺជាតំបន់ Zaporizhzhia ដែលអាចជាគោលដៅនៃការវាយ លុករបស់ទាហានអ៊ុយក្រែន។ សេចក្តីរាយការណ៍បង្ហាញថា ប្រសិនបើកងកម្លាំងអ៊ុយក្រែន ហ៊ានព្យាយាមនឹងប្រើប្រាស់ផ្លូវនេះ, រុស្ស៊ីទំនងនឹងវាយប្រហារដោយកាំភ្លើងធំពីខាងក្រោយនៃប្រព័ន្ធការការពាររបស់រុស្ស៊ី។ សេចក្តីរាយការណ៍វិភាគថា ប្រព័ន្ធ «ការពាររុស្ស៊ី មានគោលបំណង ចង់វាយប្រហារទាហាន អ៊ុយក្រែនដោយមិនឱ្យប្រើប្រាស់ផ្លូវនោះទេដើម្បីការកាត់បន្ថយល្បឿន»។

៤. តំបន់ Rivnopil នៃភាគខាងជើងក្រុង Mariupol

កំពង់ផែ Mariupol មានទីតាំងយុទ្ធសាស្ត្រនៅចន្លោះទឹកដីដែលរុស្ស៊ីកាន់កាប់នៅភាគខាងកើត និងតំបន់Crimea នៃភាគខាងត្បូង។ តំបន់ Rivnopil បានក្លាយជានិមិត្តរូបនៃការតស៊ូប្រឆាំង ចំពោះអំពើឈ្លានពាននៅពេលដែលក្រុមអ្នកប្រយុទ្ធរឹងរូសមួយក្រុមនាពេលនោះបាន ឈរជើងអស់ជាច្រើនខែ ក្នុងពេលដែលទីក្រុងរបស់ពួកគេ ត្រូវបានឡោមព័ទ្ធនិងត្រូវបានរុស្ស៊ី ចាប់ទាំងរស់។ ទីតាំងនោះលាតសន្ធឹងនៅជិតភូមិតូចមួយឈ្មោះ Rivnopil ចម្ងាយប្រមាន៥៥ គីឡូម៉ែត្រ ភាគខាងជើងនៃក្រុង Mariupol ។ លេណដ្ឋានដើម្បីទប់ទល់ការពារការវាយលុក របស់អ៊ុយក្រែន មានទម្រង់រាងជារង្វង់ និងមានពំនូកដីនៅចំកណ្តាល ដែលអាចរក្សាការពារកាំភ្លើងធំ ឬរក្សា កាំភ្លើងនានាបាននៅទីនោះ។ លេណដ្ឋានដែលមានរាងជារង្វង់មូលនឹងជួយឱ្យ ទាហានអាច ចូលជ្រកនៅទីនោះបាន និងអាចលើកចេញចូលកាំភ្លើងធំបានដើម្បីអាចប្រើប្រាស់បាញ់ដាក់ លើគោលដៅណាមួយក៏បាន។

ការវិភាគតាមរូបភាពពីផ្កាយរណបទាំងនេះ បានបង្ហាញថាទាហានរុស្ស៊ីបានត្រៀមខ្លួនរួចជា ស្រេចក្នុងការស្វាគមន៍ការត្រៀមវាយលុករបស់ទាហានអ៊ុយក្រែននាពេលខាងមុខនេះ។ គេ នឹងរង់ចាំមើលថាតើអ៊ុយក្រែន អាចនឹងដណ្តើមជោគជ័យរបស់ខ្លួនក្នុងការវាយបកក្នុងពេល ខាងមុខនេះតាមរយៈការប្រើអាវុធយុទ្ធភណ្ឌ និងល្បិចយុទ្ធសាស្ត្ររបស់ប្រទេសលោកខាង លិចដើម្បីប្រឆាំងនឹងទាហានរុស្ស៊ីបានដែរឬទេ៕