(កូប៉ិនហាក)៖ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក ធួល លន់ផូលសិន (Troels Lund Poulsen) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិមកពីបណ្តាប្រទេសនៅអឺរ៉ុបភាគខាងជើងបានបង្ហាញពី «ការគាំទ្រយ៉ាងខ្លាំងក្លា» សម្រាប់ការបណ្តុះបណ្តាលពីឡុតអ៊ុយក្រែន ឲ្យចេះបើកយន្តហោះចម្បាំង F-16 នៅក្នុងកិច្ចប្រជុំមួយនៅឯប្រទេសប៉ូឡូញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

តាមរយៈបណ្តាញ Twitter រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក គូសបញ្ជាក់ថា «មានការគាំទ្ររួមដ៏អស្ចារ្យលើ ផែនការបណ្តុះបណ្តាលពីឡុតអ៊ុយក្រែន ឲ្យចេះបើកយន្តហោះចម្បាំង F-16 ហើយដាណឺម៉ាកត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីស្នូល»

គួរបញ្ជាក់ថា ថ្មីៗនេះរដ្ឋបាលលោកចូ បៃដិន បានផ្ដល់ភ្លើងបៃតងឲ្យសម័្ពន្ធមិត្ត បញ្ជូនយន្ដហោះចម្បាំងស៊េរីទំនើបនេះដល់អ៊ុយក្រែន រួមទាំងផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់ពីឡុត។ ព្រមពេលជាមួយគ្នានេះ កាណាដា ក៏បានបង្ហើបពីបំណងចូលរួម ក្នុងការបណ្តុះបណ្តាលដល់ពីឡុតអ៊ុយក្រែនផងដែរ៕