(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅថ្ងៃអង្គារនេះ បានធ្វើដំណើរទៅសួរសុខទុក្ខកងទ័ពអ៊ុយក្រែន នៅឯសមរភូមិមុខក្នុងតំបន់ដូណេត (Donetsk) ភាគខាងកើតប្រទេស ជាទីដែលកងកម្លាំងរបស់រុស្ស៉ី បានផ្តោតកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីព្យាយាមវាយយកទឹកដីបន្ថែម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ក្រោយត្រឡប់មកពីបំពេញទស្សនកិច្ចនៅក្រៅប្រទេសវិញ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់ទីតាំងសមរភូមិជួរមុខរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ស្ថិតនៅខ្សែបន្ទាត់ការពារវូឃ្លេដា-ម៉ារីយីនកា (Vugledar-Maryinka) ក្នុងតំបន់ដូណេត»។ លោក ហ្សេលេនស្គី ផ្ទាល់ ក៏បានឱ្យដឹងដែរថា រូបលោកបានចុះសួរសុខទុក្ខកងទ័ពនៅសមរភូមិមុខ ដើម្បីអបអរពួកគេក្នុងឱកាសទិវាកងម៉ារីនអ៊ុយក្រែន។ នៅលើឆាណែលតេឡេក្រាម លោក ហ្សេលេនស្គី បានបង្ហោះរូបថតមួយចំនួន ដែលបង្ហាញពីសកម្មភាពលោកផ្តល់មេដាយ និងថតរូបរួមគ្នាជាមួយកងទ័ពអ៊ុយក្រែន។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអ៊ុយក្រែន ទើបត្រឡប់ចូលក្នុងប្រទេសវិញ ក្រោយប៉ុន្មានថ្ងៃមកនេះ រូបលោកបានចូលរួមវេទិកាកិច្ចប្រជុំ​សម្ព័ន្ធអារ៉ាប់ នៅប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងកិច្ចប្រជុំកំពូល G7 នៅឯប្រទេសជប៉ុន ដើម្បីព្យាយាមស្វែងរកការគាំទ្របន្ថែមទៀត សម្រាប់ការការពារប្រទេសរបស់លោក ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី៕