(កដ្ឋមណ្ឌូ)៖ ចំនួនមនុស្សដែលបានបាត់បង់ជីវិតនៅលើភ្នំ អេវើរេស (Everest) បានបន្តកើនដល់១១នាក់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រោយមាន​សេចក្តីរាយការណ៍ថា អ្នកឡើងភ្នំចំនួន២នាក់ទៀតទើបតែស្លាប់ នៅលើភ្នំខ្ពស់បំផុតរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

អ្នកឡើងភ្នំទាំង២នាក់នោះ គឺម្នាក់ជាជនជាតិនេប៉ាល់មានអាជីពជាអ្នកនាំផ្លូវឡើងភ្នំ ដែលបានស្លាប់កាលពីថ្ងៃចន្ទ ពេលកំពុងធ្វើការងារ​សំអាតសំរាមនៅលើភ្នំ Everest។ សម្ភារនិងរបស់របរផ្សេងៗ ដែលបន្សល់ទុកដោយក្រុមអ្នកឡើងភ្នំ អាចនឹងនៅគរចោលលើទីនោះរាប់ទសវត្សរ៍​ បើមិនមានការសំអាតទេ។ ចំណែកម្នាក់ទៀត ជាវិស្វករជនជាតិអូស្រ្តាលី ដែលបានស្លាប់កំលុងពេលចុះពីកំពូលភ្នំមកវិញ នៅរយៈកម្ពស់៧,៩២៥ម៉ែត្រ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

គួរបញ្ជាក់ថា អ្នកឡើងភ្នំ២នាក់ គឺម្នាក់មកពីប្រទេសសិង្ហបុរីនិងម្នាក់ទៀតមកពីម៉ាឡេស៉ី ក៏បាននិងកំពុងបាត់ខ្លួន ៣ថ្ងៃមកហើយផងដែរ។ តួលេខអ្នកស្លាប់ចំនួន ១១នាក់ខាងលើ គឺរាប់ចាប់តាំងពីខែមេសាកន្លងទៅ ដែលជាពេលចាប់ផ្តើមនៃរដូវកាលឡើងភ្នំ Everest ខណៈអ្នកឡើងភ្នំភាគច្រើន នាំគ្នាព្យាយាមឡើងទៅកាន់កំពូលភ្នំនេះ កំលុងខែឧសភា។ ភ្នំ Everest ត្រូវបានគេឡើងទៅដល់កំពូលជា​លើកដំបូងកាលពីឆ្នាំ១៩៥៣ ដោយជនជាតិនូវែលសេឡង់ លោក អេដមុន ហ៉ីលឡារី (Edmund Hillary) ហើយនិងអ្នកនាំផ្លូវ​ជនជាតិនេប៉ាល់កាត់ឥណ្ឌា លោក តេនហ្ស៉ីង ណ័រហ្គេ (Tenzing Norgay)៕