(ហ៊្សកថោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប៉ូលិសនិងទីភ្នាក់ងារពន្លត់អគ្គិភ័យនៃប្រទេសហ្គីយ៉ាន (Guyana) នៅឯតំបន់អាមេរិកខាងត្បូង បានឱ្យដឹងថា ករណីភ្លើងឆេះកន្លែងស្នាក់នៅរបស់សិស្ស នៅឯសាលារៀនមួយ បានផ្តាច់ជីវិតក្មេងៗចំនួន១៩នាក់ ហើយវាអាចជាសកម្មភាពលួចដុតដោយចេតនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

ទីភ្នាក់ងារពន្លត់អគ្គិភ័យបានអះអាងថា អគារស្នាក់នៅរបស់សិស្សស្រីៗ នៃសាលាវិទ្យាល័យម៉ាឌីយ៉ា (Mahdia) ដែលស្ថិតក្នុងទីក្រុងម៉ាឌីយ៉ា ត្រូវបានអណ្តាតភ្លើងឆាបឆេះទាំងស្រុង នៅពេលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានទៅដល់។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាយប់ថ្ងៃអាទិត្យចុងសប្តាហ៍មុន ឆ្លងចូលយប់ពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទសប្តាហ៍នេះ។ ក្មេងៗ១៤នាក់ បានបាត់បង់ជីវិតនៅកន្លែងកើតហេតុផ្ទាល់ ខណៈ៥នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។ រីឯក្មេងៗដែលរងរបួស៦នាក់ ត្រូវបានដឹកតាមយន្តហោះទៅកាន់រដ្ឋធានីហ៊្សកថោន (Georgetown) ខណៈយ៉ាងហោច១៧នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Mahdia។

គួរបញ្ជាក់ថា បើតាមលោក គ្លីហ្វតុន ហ៉ីគកិន (Clifton Hicken) ស្នងការប៉ូលិសហ្គីយ៉ាន លទ្ធផលស៉ើបអង្កេតជាបឋម បានឱ្យតំរុយថា គ្រោះអគ្គិភ័យនោះ ហាក់ត្រូវបានដុតបញ្ឆេះឡើង ក្នុងគោលបំណងអាក្រក់ដោយចេតនា ខណៈការស៉ើបអង្កេតកំពុងតែបន្ត។ ប្រធានាធិបតីហ្គីយ៉ាន លោក អៀហ្វាន អាលី (Irfaan Ali) ក៏បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃ សម្រាប់សោកនាដកម្មនេះផងដែរ៕