(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រុម Secret Service ដែលជាទីភ្នាក់ងារការពារសុវត្ថិភាពប្រធានាធិបតីអាមេរិក បានឱ្យដឹងថា អាជ្ញាធរនៅ​រដ្ឋធានីវ៉ាស៉ីនតោន កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) បានឃាត់ខ្លួនអ្នកបើករថយន្តដឹកទំនិញមួយគ្រឿង ដែលបានជិះបុក​រនាំងសន្តិសុខនៅឧទ្យាន ឡាហ្វៀត ស្គ្វែរ (Lafayette Square) ដែលនៅក្បែរសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣​ ខែឧសភា ឆ្នាំ២០២៣។

លោក អាន់តូនី ហ្គូឃ្លីអ៊ែលមី (Anthony Guglielmi) អ្នកនាំពាក្យ Secret Service បាននិយាយថា មិនមានការបង្កឱ្យរងរបួសចំពោះបុគ្គលិក Secret Service ឬបុគ្គលិកសេតវិមានណាម្នាក់ឡើយ។ រីឯមូលហេតុនិងលក្ខណៈនៃការបុកទង្គិចនោះ កំពុងស្ថិត​ក្រោមការស៉ើបអង្កេត។ បើតាមលោក Guglielmi អ្នកបើកបរថយន្ត ដែលត្រូវបានឃាត់ខ្លួនហើយនោះ ប្រហែលជាបានជិះទៅបំបុក​រនាំងសន្តិសុខដោយចេតនា ប៉ុន្តែរថយន្តត្រូវបានប្រកាសថា ពុំមានគ្រោះថ្នាក់អ្វីឡើយ។

គួរបញ្ជាក់ថា ក្រោយពេលកើតហេតុខាងលើ ផ្លូវយានជំនិះនិងផ្លូវថ្មើរជើងមួយចំនួន នៅជុំវិញឧទ្យាន Lafayette Square ត្រូវបានបិទជាបណ្តោះអាសន្នសិន។ ចំណែកសណ្ឋាគារ ហេ អាដាម (Hay Adams) នៅក្បែរនោះ ក៏បានជម្លៀសមនុស្សចេញ តាមសំណើរបស់ក្រុម Secret Service ផងដែរ៕