(បាងកក)៖ គណបក្ស Move Forward និងគណបក្សនយោបាយជាដៃគូចំនួន៧ផ្សេងទៀត បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ស្ដីពីរបៀបវារៈធ្វើការ ចំនួន ២៣ចំណុច សម្រាប់រដ្ឋាភិបាលចម្រុះរបស់ពួកគេ ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន​ Bangkok Post នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

ប៉ុន្តែ នៅក្នុងអនុស្សារណៈទាំង២៣ចំណុចខាងលើ គណបក្ស Move Forward និងគណបក្សនយោបាយជាដៃគូចំនួន៧ផ្សេងទៀត ក្នុងនោះរួមមានទាំងគណបក្សភឿថៃ មិនបានបញ្ចូលផែនការនៃការធ្វើកំណែទម្រង់មាត្រា ១១២ ពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះចេសា្ដនោះទេ។ ចំណែកលោក Pita Limjaroenrat ជាមេដឹកនាំគណបក្ស Move Forward ក៏បានធានាដែរថា គោលនយោបាយនៃរដ្ឋាភិបាលចម្រុះរបស់លោកនឹងមិន បំផ្លាញរដ្ឋធម្មនុញ្ញរាជានិយម ថៃឡើយ។ តែទោះជាបែបនេះក្ដី លោកនៅតែអះអាងថាការទាមទារឱ្យមាន ការធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះចេស្ដានឹងនៅតែបន្ត ទាស់នៅត្រង់ថាគណបក្សរបស់លោកនឹងធ្វើកិច្ចការនេះតែម្នាក់ឯង។

គួរបញ្ជាក់ថា ក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward ក្នុងពេលបច្ចុប្បន្ន រួមមានគណបក្ស Pheu Thai, Prachachat, Thai Liberal Party, Thai Sang Thai, Fair, Plung Sungkom Mai និងគណបក្ស Pue Thai Rumphlang ហើយគណបក្សទាំងអស់បូកបញ្ចូលគ្នាមានសំឡេង ៣១៣អាសនៈនៅក្នុងសភាជាន់ទាបដែលមានអាសនៈ សរុប៥០០។ ប៉ុន្តែ ដើម្បីឱ្យកា្លយជានាយករដ្ឋមន្ត្រីថៃ លោក Pita ត្រូវប្រមូលឱ្យបានសំឡេងគាំទ្ររួមគ្នា ៣៧៦អាសនៈពីសម័យប្រជុំរដ្ឋសភា និងព្រឹទ្ធសភា ដែលគ្រោងនឹង ធ្វើឡើងនៅខែកក្កដាខាងមុខ៕