(កៀវ)៖ អ៊ុយក្រែនបានអះអាងនូវល្បិចយុទ្ធសាស្ត្រធ្វើការឡោមព័ទ្ធក្រុងបាក់មុតវិញ ខណៈដែលរុស្ស៊ី បានប្រកាសការគ្រប់គ្រងបានទាំងស្រុង។ នៅជាមួយគ្នានេះផងដែរ អ៊ុយក្រែនបានទទួលសញ្ញាភ្លើងបៃតងនៃការផ្តល់យន្តហោះ F-16 ដែលផលិតដោយសហរដ្ឋ អាមេរិកប៉ុន្តែអ៊ុយក្រែនត្រូវបញ្ជាក់ការសន្យាថា នឹងមិនប្រើប្រាស់យន្តហោះ F-16 នោះធ្វើការ វាយប្រហារក្នុងទឹកដីរបស់រុស្ស៊ីនោះឡើយ។

ខណៈពេលដែលអ៊ុយក្រែនកំពុងតែរីករាយនឹងដំណឹងល្អរបស់ខ្លួន ដែលទទួលបាននូវសញ្ញាភ្លើងបៃតង នៃយន្តហោះប្រយុទ្ធ F-16 ទាហានរុស្ស៊ី បានអះអាងការវាយប្រហារដណ្តើមយកទាំងស្រុងនៃក្រុងបាក់មុត ដែលអ៊ុយក្រែនបានចាត់ទុកថា ជាក្រុងនៃនិមិត្តរូបរបស់ខ្លួន។ ទីក្រុង បាក់មុតនាភាគខាងកើតអ៊ុយក្រែន ត្រូវបានទាហានរុស្ស៊ីអះអាងការចូលកាន់កាប់ទាំងស្រុង តាំងពីថ្ងៃទី២១ឧសភាឆ្នាំ២០២៣។ ទីក្រុងបាក់មុត នៅមុនសង្គ្រាមបានឆាបឆេះ គឺជាទីក្រុងដ៏ ឆើតឆាយមួយដែលមានពលរដ្ឋរស់នៅប្រមាណ៧ម៉ឺន២ពាន់នាក់ និងជាទីក្រុងដែលគេស្គាល់ថាជាតំបន់រ៉ែអំបិល។ ទីក្រុងនេះ ក៏ជាទីក្រុងដែលមានទន្លេបាក់មុតបានឆ្លងកាត់ក្នុងតំបន់ Donetsk ដែលជាផ្នែកមួយនៃទឹកដីចំនួន៤ដែល រុស្ស៊ីបានកាត់យកធ្វើជាតំបន់រណបកាលពី ចុងខែកញ្ញាឆ្នាំ២០២២។

ប៉ុន្តែពេលនេះ ក្រុងបាក់មុតមិនបានក្លាយជាទីក្រុងស្រស់ស្អាតដូច ពីអតីតកាលនោះឡើយ។ ការអះអាងជុំវិញការដណ្តើមបាននៃទីក្រុងរ៉ែអំបិលនេះ ទោះជា យ៉ាងណាក៏ដោយ ត្រូវបានមេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី ដែលពេលនោះកំពុងចូលរួម ក្នុងកិច្ចប្រជុំ G7 ក្នុងទីក្រុងHiroshima នៃប្រទេសជប៉ុន បានបដិសេធ ប៉ុន្តែបានទទួលស្គាល់ថា ទីក្រុងបាក់មុតគ្មានអ្វីសេសសល់ទៀតនោះទេ ដោយសារតែសង្គ្រាមបានបំផ្លិចបំផ្លាញ។

លោកហ្សេឡិនស្គីតបនឹងសំណួរចង់ដឹងថាតើក្រុងបាក់មុតពិតជាត្រូវបានទាហានរុស្ស៊ីចូល កាន់កាប់ពិតមែនដែរឬទេនោះ? លោកបានថ្លែងថា «ខ្ញុំគិតថាទេ»។ ប៉ុន្តែលោកបានបន្តថា «អ្នកត្រូវតែយល់ថាក្នុងទីក្រុងបាក់មុតមិនមានសេសសល់អ្វីទៀតទេ។ គេបានបំផ្លាញទីក្រុងនោះខ្ទេចខ្ទីទាំងអស់។ ក្រុងនោះ មិនមានអគារល្អដូចមុនទៀតឡើយ។ វាគួរឱ្យអាណិតណាស់។ វាជាសោកនាដកម្ម…វាគ្មានសល់អ្វីទាំងអស់ ប៉ុន្តែ«សម្រាប់យើងនៅថ្ងៃនេះ ទីក្រុង នោះ គឺស្ថិតក្នុងបេះដូងរប​ស់ពលរដ្ឋអ៊ុយក្រែនទាំងអស់គ្នា»

មេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានសម្តែងក្តីអបអរចំពោះក្រុមទាហានស៊ីឈ្នួល Wagners របស់រុស្ស៊ីក៏ដូចជាក្រុមទាហានជាតិរបស់រុស្ស៊ី ដែលបានចូលគ្រប់គ្រងក្នុងក្រុងបាក់មុតបានទាំងស្រុង។ មេបញ្ជាការក្រុម Wagners លោក Yevgeny Prigozhin បានបង្ហាញនូវរូបវីដេអូ របស់ក្រុមទាហានលោកដែលបានកាន់ទង់ជាតិ បង្ហាញការឈ្នះនិងការយកជោគជ័យបាន ទាំងស្រុងនៅលើសមរភូមិបាក់មុត ដែលជាក្រុងនៃទឹកចិត្តស្នូលរបស់ទាហានអ៊ុយក្រែនដែល ព្យាយាមការពារប្រមាណជាងមួយឆ្នាំមកនេះ។
លោក Yevgeny Prigozhin បានថ្លែងថា «មិនមានសេសសល់ទាហានអ៊ុយក្រែនណាម្នាក់ទៀត ឡើយក្នុងបាកមុត ក្នុងហេតុផលថាយើងបានបញ្ឈប់ការចាប់ឈ្លើយសឹក»។ លោក Yevgeny Prigozhin បានថ្លែងបន្តទៀតថា«មានសាកសពរបស់ទាហានអ៊ុយក្រែនច្រើនណាស់ ។ ក្រុងបាក់មុតត្រូវបានដណ្តើមកាន់កាប់ទាំងស្រុងអស់ហើយ នៅតាមបណ្តោយព្រំដែនស្របច្បាប់របស់វា»

ការដណ្តើមយកក្រុងបាក់មុតនេះបាន ស្រប ពេលនឹងខួបមួយឆ្នាំនៃការវាយដណ្តើមយកទីក្រុងកំពង់ផែ Mariupol ដែលរុស្ស៊ីបានដណ្តើម យកទៅថ្ងៃទី២០ឧសភាឆ្នាំ២០២២ថែមទៀត។ ការដណ្តើមយកបាននេះទៀតបានបង្ហាញនូវ ជ័យជំនះធំធេងបង្អស់សម្រាប់ក្រុងម៉ូស្គូ ជាពិ សេសសមត្ថភាពអាចបន្ទុចបង្អាក់មួយ ខណៈដែលអ៊ុយក្រែនត្រៀមបើកការវាយប្រហារទ្រង់ទ្រាយធំនៃរដូវ Spring ឬរដូវក្តៅ Summer ខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយអ៊ុយក្រែននៅតែអះអាងថាកងកម្លាំងរបស់ខ្លួននៅតែ ធ្វើការវាយ ប្រហារតាមកន្លែងខ្លះមួយចំនួនក្នុងក្រុងបាក់មុត និងបញ្ជាក់នូវយុទ្ធសាស្ត្រដកថយដើម្បីការ ឡោមព័ទ្ធវាយប្រហារយកទីក្រុងបាក់មុតវិញក្នុងពេលខាងមុខ។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បានថ្លែងថាកងកម្លាំងអ៊ុយក្រែន នៅបន្តការទប់ទល់ក្នុងក្រុងបាក់មុតនិងថាកន្លែង ខ្លះនៅតែមានទាហានអ៊ុយក្រែនបន្តកាន់កាប់។ លោកស្រីបានថ្លែងថាទាហានអ៊ុយក្រែនបាន ធ្វើការឡោមព័ទ្ធពាក់កណ្តាលនៃទីក្រុង បាក់មុតដែលជាឳកាសឱ្យទាហានអ៊ុយក្រែនក្នុងការបន្តការប្រយុទ្ធបំផ្លាញសត្រូវរបស់ខ្លួន ដែលស្ថិតក្រោមរង្វង់ការឡាមព័ទ្ធពីខាងក្រៅ។

តាមពិតការវាយប្រហារគ្នាទៅវិញទៅមកច្រើនខែមកនេះ បានធ្វើ ទីក្រុងបាក់មុតស្ទើរតែក្លាយជាទីក្រុងផេះផង់អស់ទៅហើយ។ ថ្លែងក្នុងក្រុងហ៊ីរ៉ូស្ហ៊ីម៉ានៃប្រទេសជប៉ុន លោកហ្សេ ឡិនស្គី បានប្រៀបធៀបអតីតកាលទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ាដែលធ្លាប់ខ្ទេចខ្ទី ដោយសាររងនឹងការទម្លាក់គ្រាប់បែកបរមាណូអាមេរិកនោះ​ទៅនឹងរូបភាពខ្ទេចខ្ទីរបស់ក្រុងបាក់មុតនាពេលបច្ចុប្បន្ន។

លោកហ្សេឡិនស្គី បានថ្លែងថា «យើងបានឃើញថាយើងកំពុងស្ថិតនៅកន្លែងណា។ ទីក្រុងដែល ធ្លាប់ទំនើបនិងមានភាពរស់រវើកមានមនុស្សរស់នៅកុះករនិង ជាទីក្រុងដែលពោរពេញដោយមរតកតម្លៃ។ ក្នុងរូបថតនេះ មានរូបសោកនាដកម្មក្នុងក្រុងហ៊ីរ៉ូស្ហ៊ីម៉ា និងនេះជាអ្វីដែល យើង បានឃើញក្នុងពេលនេះ។ «ខ្ញុំគិតថារឿងដូចគ្នានឹងកើតឡើងក្នុងក្រុងបាក់មុតនិង នៅក្នុងក្រុង និងបណ្តាភូមិជាច្រើនរបស់យើង»។ វាគួរឱ្យអភ័ព្វណាស់ បច្ចុប្បន្នវាជាទីក្រុងនៃ សោកនាដ កម្មទៅហើយ…ប៉ុន្តែនាអនាគតទីក្រុងបាក់មុតនឹងត្រូវបានកសាងឡើងវិញ។

ការអះអាងយកជ័យជំនះលើសមរភូមិក្រុងបាក់មុតដោយទាហានរុស្ស៊ី បានធ្វើឡើងស្របពេលដែលអ៊ុយក្រែន កំពុងមានដំណឹងរីករាយអំពីសញ្ញាភ្លើងបៃតងពីសហរដ្ឋអាមេរិកដែល នឹងផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយការផ្តល់យន្ត ហោះចម្បាំងនេះ នឹងតម្រូវឱ្យអ៊ុយក្រែនត្រូវសន្យាថា នឹងមិនប្រើប្រាស់យន្តហោះផលិតដោយ សហរដ្ឋអាមេរិកនេះ ចូលក្នុងទឹកដីរបស់រុស្ស៊ីឡើយ។

ប្រធានាធិបតីអាមេរិកលោកចូបៃដិនបានថ្លែងថា លោកបានទទួលការធានាច្បាស់លាស់ ណាស់ពីមេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី ជុំវិញការបញ្ជាក់ថានឹងមិនប្រើយន្តហោះ F-16 ផ្តល់ដោយប្រទេសលោកខាងលិច ចូលទៅក្នុងទឹកដីរបស់រុស្ស៊ីឡើយ។

យន្តហោះចម្បាំង F-16 នោះ នឹងអាចត្រូវបានប្រើប្រាស់នៅទីកន្លែងណាដែលមានទាហានរុស្ស៊ីស្ថិតលើ ទឹកដី របស់អ៊ុយក្រែនតែប៉ុណ្ណោះ។ ការអនុញ្ញាតឱ្យអ៊ុយក្រែនអាចប្រើយន្តហោះ F-16 នេះបានធ្វើ ឡើងនៅមុនពេលដែលអ៊ុយក្រែនត្រៀមរៀបចំការបើកយុទ្ធនាការវាយលុករដូវ Spring ។ ប៉ុន្តែលោកចូបៃដិនបាននិយាយ ថាយន្តហោះនោះ ទំនងជាមិនទាន់ប្រើប្រាស់បាននៅក្នុងការវាយលុកណាមួយរបស់អ៊ុយ ក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះឡើយ។ លោកបានបញ្ជាក់ទៀតថា ប៉ុន្តែ ទាហានអ៊ុយ ក្រែនអាចត្រូវការអាវុធបែបនេះដើម្បីការពារខ្លួនប្រឆាំងនឹងកង កម្លាំងរុស្ស៊ីលើសពីលទ្ធភាព បច្ចុប្បន្នរបស់ពួកគេ។

លោក Joe Biden បានថ្លែង ថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងចូលរួមគាំទ្រកម្មវិធីបណ្តុះ បណ្តាលរបស់ប្រទេសសម្ព័ន្ធមិត្ត ដើម្បីជួយបង្វឹកអ្នកបើកយន្តហោះអ៊ុយក្រែនឱ្យចេះប្រើប្រាស់យន្តហោះF-16ទាំងនោះ។ លោក Joe Biden ក្នុងកិច្ចប្រជុំបីថ្ងៃក្នុងប្រទេសជប៉ុន បាន ប្រកាសកញ្ចប់ជំនួយយោធាចំនួន ៣៧៥លានដុល្លារ រួមទាំងកាំភ្លើងធំ រថពាសដែកនិងការ ជួយហ្វឹកហ្វឺនសម្រាប់ទាហានអ៊ុយក្រែន។

បណ្តាមេដឹកនាំនៃក្រុមប្រទេសប្រជាធិបតេយ្យដែលជាប្រទេសអ្នកមានបំផុតក្នុងក្រុមប្រទេសG7 កាលពីថ្ងៃអាទិត្យ បាននិយាយថា ពួកគេនឹងមិនដកថយនូវការគាំទ្រដល់អ៊ុយក្រែនឡើយ។ លោកចូបៃដិនបានថ្លែងបញ្ជាក់ក្នុងកិច្ចប្រជុំនាពេលនោះថា «ក្រុមប្រទេស G7សូមបញ្ជាក់សាជាថ្មី និងភាពប្តេជ្ញានៃការចែក រំលែកនិងការជួយដោយគ្មានរួញរាក្នុងការឈរនៅជាមួយពលរដ្ឋអ៊ុយក្រែនដ៏ក្លាហានគ្រាដែល ពួកគេបានការពារខ្លួនឯងប្រឆាំងនឹងសង្គ្រាមឈ្លានពានព្រៃផ្សែរបស់រុស្ស៊ីនិងប្រឆាំងឧក្រិដ្ឋកម្ម សង្គ្រាម»

លោកចូបៃដិនបានថ្លែងថា «លោកសូមបញ្ជាក់សាជាថ្មីម្តងទៀតនូវសេចក្តីត្រូវការសម្រាប់សន្តិភាពដ៏យុត្តិធម៌ដែលជាយុត្តិធម៌ត្រូវគោរពនូវដែនអធិបតេយ្យនិងបូរណភាពទឹក ដីរបស់អ៊ុយក្រែន រួមទាំងគោលការណ៍ស្នូលធម្មនុញ្ញអង្គការសហប្រជាជាតិ»
លោកចូបៃដិន បានបញ្ជាក់ទៀតថាគឺរុស្ស៊ីខ្លួនឯងនោះទេដែលបានចាប់ផ្តើមនូវសង្គ្រាម នេះ និងរុស្ស៊ីត្រូវតែ បញ្ចប់នូវសង្គ្រាមនោះវិញ។ លោកចូបៃដិន បានបញ្ជាក់នូវការផ្តល់យន្តហោះ ចម្បាំង F16 ដល់អ៊ុយក្រែន ខណៈដែលលោកបានជួបទ្វេភាគីជាមួយនឹងលោកហ្សេឡិនស្គី ក្នុងកិច្ចប្រជុំនៅជប៉ុន។

លោកចូបៃដិនបានថ្លែងថា «ថ្ងៃនេះខ្ញុំសូមប្រកាសនូវជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែនដែលជាកញ្ចប់ជំនួយយោធារួមមានគ្រាប់រំសេវជាច្រើន កាំភ្លើងត្បាល់ Artillery យានយន្តដែលមានសមត្ថភាពជួយលើសមរភូមិប្រយុទ្ធ»។ លោកបានបញ្ជាក់ថាសហរដ្ឋអា មេរិកនឹងបន្តជួយអ៊ុយក្រែនតាមសំណូមពរការកសាង និងសហរដ្ឋអាមេរិកបន្តគាំទ្រសន្តិភាពដែលមានយុត្តិធម៌៕