(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO បានទទូចឱ្យបណ្តាប្រទេសទាំងអស់ នាំគ្នាចាប់ផ្តើមអនុវត្តភ្លាមៗដោយកុំបង្អង់យូរ នូវការធ្វើកំណែទម្រង់ផ្សេងៗ ដែលចាំបាច់ក្នុងការត្រៀមលក្ខណៈទុកជាមុន សម្រាប់ជំងឺរាតត្បាតជាសកលបន្ទាប់ទៀត ដែលអាចលេចឡើងនាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។

ក្នុងការថ្លែងសុន្ទរកថានាថ្ងៃចន្ទនេះ កំលុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការ WHO នៅឯទីក្រុងហ្សឺណែវ លោក ថេដ្រូស អាដាណូម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងពុំអាចពន្យារពេលរឿងនេះឡើយ» ហើយលោកបានព្រមានថា ជំងឺរាតត្បាតសកលថ្មីៗបន្តបន្ទាប់ទៀត មុខជានឹងអាចកើតឡើង ដោយចៀសមិនផុតឡើយ។ លោក ថេដ្រូស បានបន្តថា «ប្រសិនបើពួកយើងផ្ទាល់មិនធ្វើការផ្លាស់ប្តូរ ដែលចាំបាច់ទេនោះ តើនរណានឹងធ្វើជំនួសយើងទៅ? ហើយបើយើងមិននាំគ្នាធ្វើពេលនេះ​ទេ តើនៅរង់ចាំដល់ពេលណាវិញ?»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍មហាសន្និបាតរយៈពេល១០ថ្ងៃ របស់ WHO ដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ព្រមទាំងត្រូវចំគម្រប់ខួបទី​៧៥ នៃការបង្កើតស្ថាប័នសុខាភិបាលកំពូលនេះ នឹងត្រូវពិភាក្សាដោះស្រាយលើបញ្ហាសុខភាពសកលជាច្រើន ហើយក្នុងនោះនឹងរួមមានទាំង​កិច្ចប្រជុំសំខាន់មួយផងដែរ ក្នុងសប្តាហ៍នេះស្តីពីជំងឺរាតត្បាតសកល។ ក្នុងខែឧសភានេះ អង្គការ WHO ទើបតែបានសម្រេចប្រកាសលែងចាត់ទុក ជំងឺកូវីដ១៩ ជាភាពអាសន្នផ្នែកសុខាភិបាលជាសកល តទៀតក្រោយរយៈពេល៣ឆ្នាំ និងបន្ទាប់ពីវា​បានផ្តាច់ជីវិតមនុស្សសរុប៦.៨៨លាននាក់ នៅទូទាំងពិភពលោក៕