(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ថា ប្រទេសកាណាដានឹងគាំទ្រអ៊ុយក្រែនសម្រាប់រយៈពេលយូរ និងឲ្យបានច្រើនតាមតម្រូវការចាំបាច់នៅក្នុងសង្រ្គាមជាមួយរុស្ស៉ី រួមទាំងការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន ហើយអាចអ្នកបើកយន្តហោះផងដែរ។ នេះបើយោងតាមការផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ទ្រូដូ បានប្រាប់អ្នកយកព័ត៌មាន «យើងតែងតែសម្លឹងមើលដើម្បីធ្វើអ្វីបន្ថែមទៀត នូវរឿងដែលមកដល់ការគាំទ្រសម្រាប់អ៊ុយក្រែន។ នៅពេលត្រូវបានសួរអំពីការហ្វឹកហ្វឺនសម្រាប់យោធាអ៊ុយក្រែន លោក ទ្រូដូ និយាយថា កាណាដានឹងបន្តបណ្តុះបណ្តាលទាហាន ហើយអាចពង្រីកដល់អ្នកបើកបរយន្តហោះថែមទៀត។

គួរបញ្ជាក់ថា ទ្រូដូ និងបណ្តាមេដឹកនាំផ្សេងទៀតមកពី G7 ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង និងអ៊ីតាលី កាលពីចុងសប្តាហ៍កន្លងទៅនេះ បានបញ្ជូនសញ្ញាច្បាស់លាស់ដល់ប្រទេសរុស្ស៉ី អំពីការគាំទ្រដ៏រឹងមាំរបស់ពួកគេសម្រាប់អ៊ុយក្រែន។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងមន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់មេដឹកនាំ G7 ថា ទីក្រុងវ៉ាស៊ីនតោនគាំទ្រ កម្មវិធីបណ្តុះបណ្តាលសម្ព័ន្ធមិត្តរួមគ្នា ដល់ពីឡុតអ៊ុយក្រែនឲ្យចេះបើកយន្តហោះ F-16៕