(ព័រម៉ូរេសប៊ី)៖ នៅថ្ងៃចន្ទនេះ សហរដ្ឋអាមេរិកនិងប៉ាពូអាស៉ីនូវែលហ្គីណេ បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ​ការពារជាតិ ដែលនឹងអនុញ្ញាតឱ្យទីក្រុងវ៉ាស៉ីនតោន ប្រើប្រាស់មូលដ្ឋានទ័ពអាកាស និងកំពង់ផែរបស់ប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ ខណៈដែល​អាមេរិកកំពុងព្យាយាមប្រជែងឥទ្ធិពលជាមួយចិន នៅក្នុងតំបន់ប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការពារជាតិប៉ាពូអាស៉ីនូវែលហ្គីណេ លោក វីន បាគ្រី ដាគី (Win Bakri Daki) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) មុនការចាប់ផ្តើមកិច្ចប្រជុំរបស់អាមេរិក ជាមួយ​ក្រុមមេដឹកនាំប្រទេសដែនកោះប៉ាស៉ីហ្វិកខាងត្បូងចំនួន១៤ នៅឯទីក្រុងព័រម៉ូរេសប៊ី។ វត្តមានរបស់លោក ប៊្លីនខិន នៅទីក្រុងព័រម៉ូរេសប៊ី កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីសប្តាហ៍មុន បានសម្រេចចិត្តលុបចោលគោលដៅជើងទី២ នៃដំណើរ​ទស្សនកិច្ចរបស់លោកនៅអាស៉ី ដែលត្រូវឆ្ពោះមកកាន់ប៉ាពូអាស៉ីនូវែលហ្គីណេហើយនិងអូស្រ្តាលី ដោយសារតែបញ្ហានៃការចរចារឿងពិតាន​ប្រាក់បំណុល នៅសហរដ្ឋអាមេរិកផ្ទាល់។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោនកំពុងមានក្តីបារម្ភកាន់តែខ្លាំងឡើងៗ អំពីការរីកសាយនៃឥទ្ធិពលរបស់ប្រទេសចិននៅតំបន់ប៉ាស៉ីហ្វិក ជាទីដែលទីក្រុងប៉េកាំង​កំពុងអូសទាញ ក្រុមប្រទេសដែនកោះនៅទីនោះ តាមរយៈការលើកទឹកចិត្តផ្នែកការទូតនិងហិរញ្ញវត្ថុជាច្រើន ជាថ្នូរមកវិញនូវការគាំទ្រ​ផ្នែក​យុទ្ធសាស្រ្តដល់ចិន។ កាលពីឆ្នាំមុន ទីក្រុងប៉េកាំង បានចុះកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយប្រទេសសូឡូម៉ុន ប៉ុន្តែបានបរាជ័យក្នុងការឆ្ពោះទៅសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងសន្តិសុខលក្ខណៈទូលំទូលាយមួយ ជាមួយក្រុមប្រទេសដែនកោះប៉ាស៉ីហ្វិក៕