(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានរិះគន់អ៉ីស្រាអែល ជុំវិញបទបញ្ជាដែលអនុញ្ញាតឲ្យអ្នកតាំងទីលំនៅជនជាតិជ្វីហ្វ តាំងទីលំនៅជាអចិន្ត្រៃយ៍ តំបន់មួយស្ថិតនៅភាគខាងជើង តំបន់ West Bank ដែលកន្លងមកទីក្រុងវ៉ាស៊ីនតោនធ្លាប់ព្រមានរដ្ឋាភិបាលអ៉ីស្រាអែល ឲ្យជៀសវាងការផ្តល់ភាពស្របច្បាប់ណាមួយដល់អ្នកទាំងនោះ។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

ប្រមុខទីបញ្ជាការកណ្តាលរបស់យោធាអ៉ីស្រាអែល បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីសប្តាហ៍មុន ដែលអនុញ្ញាតឲ្យជនជាតិអ៉ីស្រាអែលចូលទៅកាន់ជុំរុំហូម៉េស (Homesh) ក្បែរទីក្រុងណាប្ល៊ស៍ (Nablus) ដោយត្រួសត្រាយផ្លូវសម្រាប់ការរស់នៅអចិន្រ្តៃយ៍ សម្រាប់ទីលំនៅដែលត្រូវបានសាងសង់នៅទីនោះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាតស៊ូ មីលល័រ (Matthew Miller) បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ បទបញ្ជារបស់រដ្ឋាភិបាលអ៉ីស្រាអែល ដែលអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនបង្កើតវត្តមានអចិន្ត្រៃយ៍ នៅឯតំបន់ Homesh ភាគខាងជើងតំបន់ West Bank ដែលបើយោងទៅតាម ច្បាប់ អ៉ីស្រាអែលបានសាងសង់សំណង់ខុសច្បាប់ នៅលើដីប៉ាឡេស្ទីន»

គួរបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអំពាវនាវម្តងហើយម្តងទៀតដល់អ៉ីស្រាអែល ឲ្យបដិសេធរាល់ទង្វើដែលបង្កើនភាពតានតឹងជាមួយក្រុមប៉ាឡេស្ទីន ដូចជា ការអនុញ្ញាតឲ្យមានការតាំងលំនៅអចិន្ត្រៃយ៍ ជាពិសេសតំបន់ Homesh នេះតែម្តង៕