(ហ៉ីរ៉ូស៊ីម៉ា)៖ ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា នៅថ្ងៃចន្ទនេះបាននិយាយថាលោកមិនសប្បាយចិត្តទេ ដែលលោក និងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនបានជួបគ្នា នៅឯកិច្ចប្រជុំកំពូល​ G7 ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ខណៈលោកផ្ទាល់មើលឃើញថាសមភាគីអ៊ុយក្រែនរបស់លោកមិនចាប់អារម្មណ៍ចំពោះកិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មុននឹងចាកចេញពីជប៉ុនឆ្ពោះទៅកាន់ប្រទេសប្រេស៊ីល លោក លូឡា បានគូសបញ្ជាក់ថា «ខ្ញុំមិនមែនខកចិត្តនោះទេ។ តែខ្ញុំមិនសប្បាយចិត្តទៅវិញ ពីព្រោះខ្ញុំចង់ជួបជាមួយនឹងគាត់ (លោក ហ្សេលេនស្គី)»។ លោកបន្ថែមថាក្រុមការងាររបស់លោកមានគម្រោងរៀបចំជំនួបរវាងលោក និងលោក ហ្សេលេនស្គី នៅរសៀល ថ្ងៃអាទិត្យ ទី២១ ខែឧសភា ប៉ុន្តែលោក ហ្សេលេនស្គីបានធ្វើឱ្យខកខានការណាត់ ដោយសារតែមានភារកិច្ចរវល់ពេក។ ក្នុងថ្ងៃដដែលនោះដែរ ទាហានស៊ីឈ្នួលរុស្ស៉ីបានប្រកាសពី ការដណ្ដើមគ្រប់គ្រងទីក្រុងបាកមូត បានទាំងស្រុង។ ប៉ុន្តែខាងទីក្រុងកៀវ បានច្រានចោលការអះអាងនេះ ដោយបញ្ជាក់ទាហានរបស់ខ្លួននៅតែបន្តវាយប្រហារយុទ្ធនៅឡើយ។​

គួរបញ្ជាក់ថា បើតាមលោក លូឡា ទាំងលោក ហ្សេលេនស្គី និងលោក ពូទីន មិនបានបង្ហាញពីចំណាប់អារម្មណ៍លើកិច្ចចរចាស្វែងរកសន្តិភាពទេ ហើយប្រធានាធិបតីប្រេស៊ីល រូបនេះក៏បានជំរុញផងដែរឱ្យកិច្ចចរចាសន្តិភាព និងបានស្នើឱ្យប្រេស៊ីលជាធ្វើជាអ្នកសម្របសម្រួល រួមជាមួយបណ្ដាប្រទេសអព្យាក្រឹតដទៃក្នុងនោះរួមមានទាំងឥណ្ឌូណេស៊ី និងចិន៕