(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បានធ្វើតេស្តវិជ្ជមាននៃជំងឺកូវីដ១៩ បន្ទាប់ពីធ្វើដំំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ អាហ្វ្រិកខាងត្បូង និងប្រទេសកេនយ៉ា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។

លោក លី បានឲ្យដឹងនៅក្នុងការបង្ហោះសារមួយលើហ្វេសប៊ុក នាថ្ងៃចន្ទនេះថា «ខ្ញុំបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ នៅព្រឹកនេះ។ នេះកើតឡើងបន្ទាប់ពីការធ្វើដំណើរការងារ ថ្មីៗរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ល្អធម្មតា ប៉ុន្តែគ្រូពេទ្យបានណែនាំខ្ញុំឲ្យស្នាក់នៅដាច់ដោយឡែក រហូតខ្ញុំលែងចេញរោគសញ្ញា»

សិង្ហបុរី បានស្ថិតក្នុងរលកឆ្លងថ្មីនៃកូវីដ១៩ ដែលបានឈានដល់កម្រិតខ្ពស់បំផុត កាលពីចុងខែមេសា។ លោក លី ក៏បានអំពាវនាវដល់ពលរដ្ឋឲ្យបន្តរក្សាការចាក់វ៉ាក់សាំង ព្រោះវាជួយកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី អាយុ ៧១ឆ្នាំ បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសជម្រុញលើកចុងក្រោយនៅកំឡុងខែវិច្ឆិកា។ លោក លី ទើបនឹងបានបំពេញ ទស្សនកិច្ច ជាផ្លូវការទៅកាន់ទីក្រុងខេបថោន (Cape Town) នៃប្រទេសអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា និងទៅកាន់ទីក្រុងណៃរ៉ូប៊ី (Nairobi) នៃប្រទេសកេនយ៉ា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា៕