(មូស្គូ)៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បាននិយាយថាទាហានរបស់លោកបានវាយដណ្ដើមយក ទឹកដីទាំងអស់នៅក្នុងទីក្រុង បាកមូត (Bakhmut) ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន តាមការសន្យា ហើយនឹងចាកចេញពីតំបន់ជម្លោះនៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសារជាសំឡេងមួយបែបនិយាយឌឺដង ត្រូវបានបង្ហោះលើបណ្ដាញតេឡេក្រាម កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក ព្រីហ្គោហ្ស៉ីន បានកត់សម្គាល់ដូច្នេះថា «Wagner មិនបានសម្រេចបាននូវភាពជឿនលឿនទេ។ នៅថ្ងៃនេះ Wagner មិនបានកាន់កាប់ទឹកដីណាមួយទេ។ តែយើងបានវាយដណ្ដើមបានទឹកដីទាំងអស់រួចហើយ តាមការសន្យា...ហើយដូចដែលយើងបានលើកឡើង យើងនឹងប្រគល់ទីតាំងរបស់យើងទៅឱ្យក្រសួងការពារជាតិរុស្ស៉ី ក៏ដូចជានឹងចាកចេញពីតំបន់ជម្លោះនៅថ្ងៃទី២៥ ខែឧសភា»

គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក ព្រីហ្គោហ្ស៉ីន បានអះអាងថាទាហានរបស់លោក បានវាយដណ្ដើមបានទីក្រុងបាកមូតទាំងស្រុង ក្រោយការវាយប្រយុទ្ធ យ៉ាងបង្ហូរឈាម អស់រយៈពេលជាង ៩ខែមកនេះ។ ប៉ុន្តែ លោកប្រធានាធិបតី ហ្សេលេនស្គី បានច្រានចោលការអះអាងរបស់លោក ពី្រហ្គោហ្ស៉ីន ហើយថាកងទ័ពអ៊ុយក្រែន នៅតែបន្តការប្រយុទ្ធរបស់ពួកគេនៅឡើយ៕