(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) បាននិយាយថាការប្រគល់យន្ដហោះចម្បាំង F-16 នឹងបង្ហាញ កាន់តែច្បាស់ពីការចូលរួមរបស់បក្សសម្ព័ន្ធយោធា NATO នៅក្នុងជម្លោះនៅអ៊ុយក្រែន បន្ទាប់ពីរដ្ឋបាលលោក ចូ បៃដិន ផ្ដល់ភ្លើងបៃតងឱ្យសម័្ពន្ធមិត្តបញ្ជូនយន្ដហោះចម្បាំង ស៊េរីទំនើបនេះ និងផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់ពីឡុតអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។

ការលើកឡើងខាងលើរបស់លោក អាន់តូនូវ ធ្វើឡើងក្នុងការកត់សម្គាល់មួយត្រូវបានចេញផ្សាយលើឆាណែលតេឡេក្រាម នៃស្ថានទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាស៊ីនតោន។ លោក អាន់តូនូវ បានគូសបញ្ជាក់ដូច្នេះថា «វាមិនមានឡើយហេដ្ឋារចនាសម្ព័ន្ធសម្រាប់ធ្វើប្រតិបត្តិការយន្ដហោះចម្បាំង​ F-16 នៅក្នុងប្រទេសអ៊ុយក្រែន ហើយវាក៏មិនមាននោះដែរ នូវចំនួនពីឡុត និងអ្នកបច្ចេកទេសថែទាំដែលត្រូវការជាចាំបាច់។ ដូច្នេះតើវានឹងមានរឿងអ្វីកើតឡើង ប្រសិនបើយន្ដហោះចម្បាំងអាមេរិកហោះចេញពីព្រលានយន្ដហោះ របស់​ NATO ឬយន្ដហោះចម្បាំងនេះត្រូវបានប្រើប្រាស់ដោយអ្នកស្ម័គ្រចិត្តជនបរទេស»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានយល់ព្រមលើការបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន ពីរបៀបប្រើយន្ដហោះចម្បាំង​ F-16 ខណៈលោក ហ្សេលេនស្គី ក៏បានធានាដែរថាអ៊ុយក្រែននឹងមិនប្រើប្រាស់យន្ដហោះចម្បាំងនេះដើម្បីវាយប្រហារចូលក្នុងទឹកដីរុស្ស៉ីនោះទេ។ ប៉ុន្តែ លោកឯកអគ្គរដ្ឋទូតរុស្ស៉ី ក៏បានព្រមានទុកជាមុនដែរថាការវាយប្រហារណាមួយរបស់អ៊ុយក្រែនលើតំបន់គ្រីមៀ នឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើរុស្ស៉ី៕