(សេអ៊ូល)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) នាថ្ងៃអាទិត្យនេះ បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពធ្វើតេស្តមីស៉ីលបាលិស្ទីគ ខណៈរូបលោកបានបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំប្រទល់អន្តរកូរ៉េ និងបានបើកកិច្ចប្រជុំកំពូលទ្វេភាគីជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយុល ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។

លោក សូល ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ក្រោយចូលរួមកិច្ចប្រជុំកំពូល G7 នៅឯទីក្រុងហ៉ីរ៉ូស៉ីម៉ា (Hiroshima) នៃប្រទេសជប៉ុន បានហៅសកម្មភាពធ្វើតេស្តមីស៉ីលជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង ថាជាសញ្ញាមួយបង្ហាញពីស្ថានការណ៍ ដែលនៅតែបន្តមាន​លក្ខណៈគ្រោះថ្នាក់នៅឧបទ្វីបកូរ៉េ។ ថ្លែងចេញពីមូលដ្ឋានយោធាមួយកន្លែង ក្រោយការទស្សនកិច្ចនៅតំបន់ DMZ ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ លោកអធិការបតីអាល្លឺម៉ង់ បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាការគំរាមកំហែងចំពោះសន្តិភាពនិងសន្តិសុខនៃតំបន់នេះ»។ លោក សូល បាន​បន្ថែមទៀតថា ប្រវត្តិសាស្រ្តរបស់អាល្លឺម៉ង់ ក្នុងនាមជាប្រទេសដែលមានការបែកបាក់ គឺត្រូវជម្នះបានរួចហើយ ប៉ុន្តែភាពប្រេះឆាកំពុងតែបន្តនៅឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា បន្ទាប់មក លោក សូល និងលោក យូន ក៏បានជួបពិភាក្សាគ្នានៅរដ្ឋធានីសេអ៊ូល។ នាឱកាសនោះ លោក យូន បានលើកឡើងថា ចាប់ពីពេលនេះតទៅ រូបលោករំពឹងថាកូរ៉េខាងត្បូងនិងអាល្លឺម៉ង់ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ហើយពង្រឹងសាមគ្គីភាព សម្រាប់សន្តិភាពនិង​វិបុលភាពនៃតំបន់អឺរ៉ុបក៏ដូចជាអាស៉ី។ មេដឹកនាំទាំងពីរបានចាកចេញពីជប៉ុនក្នុងថ្ងៃអាទិត្យនេះដូចគ្នា ក្រោយចូលរួមកិច្ចប្រជុំ G7។ ខណៈមិនមែន​ជាសមាជិកក្តី កូរ៉េខាងត្បូងត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងនាមជាអ្នកសង្កេតការណ៍៕